Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងកសិកម្ម និងអភិបាលខេត្តកំពង់ចាម ចែកស្រូវពូជដល់កសិករជិត ៦០០គ្រួសារ ដែលជួបគ្រោះរាំងស្ងួត នៅស្រុកជើងព្រៃ

19-08-2019 14:16

(កំពង់ចាម)៖ មន្ត្រីជាន់ខ្ពស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ បានចុះចែកស្រូវពូជដល់ប្រជាពលរដ្ឋ៥៧៣គ្រួសារ នៅក្នុងឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា នៅក្នុងឃុំស្រម៉រ ស្រុកជើងព្រៃផ្ទៃដីស្រូវ រងផលប៉ះពាល់ ដោយគ្រោះរាំងស្ងួត មានចំនួន ៣៥៨ហិចតា ស្មើនឹង ៥៧៣ គ្រួសារ។ ជាមួយគ្នានេះដោយ មានការយកចិត្តទុកដាក់ ពីសំណាក់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនឹងអាជ្ញាធរខេត្តកំពង់ចាម បានផ្ដល់ស្រូវពូជចំនួន ២៨,៦៥០គីឡូក្រាម ដល់ប្រជាកសិករទាំង ៥៧៣គ្រួសារ ក្នុងនោះមួយគ្រួសារទទួលបានស្រូវពូជ ៥០គីឡូក្រាម ដែលស្រូវពូជនេះមានឈ្មោះស្រូវពូជសែនក្រអូប ជាពូជស្រូវស្រាល ដាំដុះមិនប្រកាន់រដូវ។

លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា កាលពីខែកក្កដាកន្លងទៅ ខេត្តកំពង់ចាម ជួបបញ្ហាប្រឈមដោយគ្រោះរាំងស្ងួត នៅតំបន់មួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវចំនួន៦០០៣ ក្នុងនោះស្រុកបាធាយប៉ះពាល់ ១២ឃុំ ស្មើនឹង ២១ ៤៥ ហិកតា, ស្រុកជើងព្រៃប៉ះពាល់ ៩ឃុំស្មើ ៣១៨១ហិកតា, ស្រុកព្រៃឈរប៉ះពាល់ ១២ឃុំ ស្មើនឹង ៥៣០ហិកតា, ស្រុកស្ទឹងត្រង់ប៉ះពាល់ ៣ឃុំ ស្មើនឹង១៤៧ហិកតា ផងដែរ៕