(ភ្នំពេញ)៖ រសៀលថ្ងៃដំបូង នៃការប្រឡងបាក់ឌុប ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ បានចាប់ផ្ដើមបន្ដទៀតហើយ នៅទូទាំងប្រទេស បន្ទាប់សម្រាកប្រហែល២ម៉ោង។

សម្រាប់ដំណើរប្រឡងនៅរសៀលថ្ងៃនេះ ថ្នាក់វិទ្យាសាស្ដ្រ ប្រឡងគីមីវិទ្យា ចាប់ពីម៉ោង០២៖០០នាទី ដល់ម៉ោង០៣៖៣០នាទី ហើយភាសាបរទេស ចាប់ពីម៉ោង០៤៖០០នាទី ដល់ម៉ោង០៥៖០០នាទី។ ដោយឡែក សម្រាប់ថ្នាក់វិទ្យាសាស្ដ្រសង្គម ប្រឡងភូមិវិទ្យា ចាប់ពីម៉ោង០២៖០០នាទី ដល់ម៉ោង០៣៖៣០នាទី ហើយភាសាបរទេស ចាប់ពីម៉ោង០៤៖០០នាទី ដល់ម៉ោង០៥៖០០នាទី។

គួរជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សម្រាប់ការប្រឡងបាក់ឌុប នៅព្រឹកថ្ងៃដំបូង ទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ចំនួនបេក្ខជនអវត្តមាន ចំនួន១,៦១៩នាក់ ស្រី៦២១នាក់ ជាភាគរយ១.៣៨%។ ក្រសួងអប់រំ បានបញ្ជាក់ទៀតថា សម្រាប់បេក្ខជន ដែលមានបញ្ហាសុខភាពវិញ មានចំនួន១៩ករណី ប៉ុន្ដែអាចដំណើរការប្រឡងបន្ដទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋមពីក្រុមគ្រូពេទ្យ ដែលប្រចាំការនៅមណ្ឌលប្រឡង។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨។ ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ (១,៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២,៣៤១នាក់ ស្រី ៣៥,១៣៦នាក់ (២,៩១៥បន្ទប់)៕