(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ង្វៀន វ៉ាន់ណេន លេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានប្តេជ្ញាប្រឹងប្រែងរួមគ្នាជំរុញទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាម ឱ្យកាន់តែធំធាត់បន្ថែមទៀត។ សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន វ៉ាន់ណេន ក៏បានប្តេជ្ញាប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាព្រំដែននៅសេសសល់ នាពេលបច្ចុប្បន្នឱ្យបានរួចរាល់ផងដែរ។

ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក ង្វៀន វ៉ាន់ណេន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។

បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងជំនួបនេះ សម្តេចតេជោ និងលោក ង្វៀន វ៉ាន់ណេន បានពិភាក្សាគ្នា ពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ព្រមទាំងបានផ្លាស់ប្ដូរមតិជុំវិញអំពីសភាពការណ៍នៅវៀតណាម និងក្នុងប្រទេសកម្ពុជា។

លេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានបង្ហាញភាពរីករាយ ដែលបានឃើញពីការរីកចម្រើនរបស់កម្ពុជា ជាពិសេសក្នុងរយៈពេលចុងក្រោយនេះ។ លោក ង្វៀន វ៉ាន់ណេន បានថ្លែងថា លោកពិតជារីករាយនូវអ្វីដែលកម្ពុជាទទួលបាន ហើយវៀតណាមនឹងបន្តពង្រឹងទំនាក់ទំនង ក្នុងន័យបន្តរក្សាស្ថេរភាព សន្តិភាព និងការអភិវឌ្ឍន៍ រួមទាំងការអភិវឌ្ឍព្រំដែនប្រទេសទាំងពីរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា-វៀតណាម មិនត្រឹមតែវិស័យការទូតប៉ុណ្ណោះទេ គឺគ្រប់វិស័យទាំងអស់។ សម្តេចតេជោ ក៏បានលើកបង្ហាញពីការធ្វើកំណែទម្រង់ របស់កម្ពុជាក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា កម្ពុជា នឹងខិតខំធ្វើយ៉ាងណាពង្រីកទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ។ ជាពិសេសលើទំហំពាណិជ្ជកម្ម ដែលមានជាង ៥ពាន់លានដុល្លារនេះ និងខិតខំធ្វើយ៉ាងណាដោះស្រាយបញ្ហាព្រំដែនប្រទេសទាំងពីរឱ្យបានឆាប់រួចរាល់៕