(ភ្នំពេញ)៖ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ប្រសិទ្ធភាពប្រតិបត្តការក្នុងវិស័យសកម្មភាពមីន នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា សង្រ្គាមបានធ្វើឲ្យមានផល់ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សង្គមជាតិកម្ពុជាយើង តាំងមុនពេលសង្រ្គាម ពេលសង្រ្គាមកំពុងកើតឡើង និងក្រោយពេលសង្រ្គាមបានបញ្ចប់។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានទទួលបន្ទុកយ៉ាងធន់ធ្ងរ បន្ទាប់ពីសង្រ្គាមនៅកម្ពុជាបានបញ្ចប់ នៅឆ្នាំ១៩៩៨»។

បើតាមឲ្យដឹងពីលោកទេសរដ្ឋមន្រ្តី ក្រោយបញ្ចប់សង្គ្រាម ប៉ុន្តែបញ្ហាដែលត្រូវប្រឈម និងធ្វើការដោះស្រាយបន្តនោះរួមមាន៖

*ទី១៖ ធ្វើឲ្យមានអស្ថេរភាពនយោបាយ ដែលធ្វើឲ្យមានវិបត្តិនយោបាយ ឱនភាពសេដ្ឋកិច្ច/វិបត្តិសេដ្ឋកិច្ច អំពើពុករលួយ ការដឹកនាំខ្វះការទទួលខុសត្រូវ និងគ្មានតម្លាភាពក្នុងការដឹកនាំ និងមានអំពើហិង្សា
*ទី២៖ ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ដោយរដ្ឋត្រូវចំណាយច្រើនជាងចំណូល (Budget Deficit) ធ្វើឲ្យមានបំណុលសាធារណៈកើនឡើងយ៉ាងខ្លាំង អតិថណា (Inflation Rate) ដែលធ្វើឲ្យធ្លាក់ចុះការវិនិយោគ និងប្រជាជនគ្មានការងារធ្វើ ការនាំចេញមានតម្លៃថ្លៃមិនអាចប្រកួតប្រជែងបាន ធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច GDP ធ្វើឲ្យល្បឿននៃការអភិវឌ្ឍយឺត (គ្មានវិនិយោគ គ្មានការងារធ្វើ។ល និងគ្មានថវិកាសម្រាប់វិនិយោគ
*ទី៣៖ ធ្វើឲ្យប៉ះពាល់ដល់សង្គមមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ប៉ះបាល់ដល់សង្គមមនុស្សទាំងផ្លូវកាយ និងផ្លូវចិត្ត ធ្វើឲ្យមនុស្សស្លាប់ ពិការ កុមារកំព្រា និងបែកបាក់គ្រួសារ ធ្វើឲ្យប្រជាពលរដ្ឋគ្មានទីជម្រករស់នៅ គ្មានស្បៀងសម្រាប់ហូប និងបែកបាក់គ្រួសារ ប្រជាពលរដ្ឋត្រូវចូលបម្រើកងទ័ពទាំងបង្ខំ ធនធានមនុស្សត្រូវបានបំផ្លាញ (ធនធានមនុស្សត្រូវបានសម្លាប់ និងមិនមានការបណ្តុះបណ្តាល) អគារ និងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗ ត្រូវបានបំផ្លាញទាំងស្រុង។

ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី បានលើកឡើងថា សង្គ្រាមមិនមែនគ្រាន់តែមានផល់ប៉ះពាល់ នៅពេលកំពុងមានសង្រ្គាមតែប៉ុណ្ណោះទេ គឺវាបានបន្សល់ទុកនូវផលប៉ះពាល់ដល់សង្គមជាតិ យ៉ាងធ្ងន់ធ្ងរ នៅពេលសង្រ្គាមចប់ ដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវខិតខំដោះស្រាយរួមមាន៖

*ទី១៖ បន្សល់ទុកនូវកាកសំណល់ជាតិផ្ទុះពីសង្រ្គាម
*ទី២៖ ជនពិការ ស្រ្តីមេម៉ាយ កុមារកម្រា
*ទី៣៖ ហេដ្ឋារចនាសម្ព័ន្ធសង្គមទាំងមូលត្រូវបានបំផ្លាញ
*ទី៤៖ ប្រជាជនមិនចេះអក្ស គ្មានធនធានមនុស្សសម្រាប់កសាងជាតិ (អ្នកចេះបានស្លាប់ ហើយប្រជាជនជំនាន់សង្រ្គាមមិនបានរៀនសូត្រ)
*ទី៥៖ ល្បឿននៃការអភិវឌ្ឍយឺត។

ទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីគាំទ្ររាជរដ្ឋភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បន្តថែរក្សា ការពារ សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម៕