(ភ្នំពេញ)៖ សហភាពអឺរ៉ុបផ្តល់ជំនួយជាង ១០០លានដុល្លារអាមេរិក សម្រាប់គាំទ្រវិស័យជលផលនៅកម្ពុជា ហើយជំនួយនេះនឹងប្រកាសនៅថ្ងៃពុធសប្តាហ៍នេះ។ នេះបើតាមការបញ្ជាក់របស់លោក ចច អ៉ីដហ្គា (George EDGAR) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលចប់អាណត្តិ។

ការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតអឹរ៉ុបចប់អាណត្តិរូបនេះ បានធ្វើឡើងក្នុងពេលចូលជម្រាបលាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ។

បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បញ្ជាក់ប្រាប់អ្នកព័ត៌មាននៅក្រោយជំនួបបានឱ្យដឹងថា ក្នុងជំនួបនោះ លោក ចច អ៉ីដហ្គា បានលើកឡើងពីកិច្ចការមួយចំនួន ដែលរូបលោកចាត់ទុកជាសមិទ្ធផលសំខាន់ៗ ក្នុងបេសកកម្មការងាររយៈពេល ៤ឆ្នាំនៅកម្បុជា។ លោក ចច អ៉ីដហ្គា ដែលធ្លាប់ធ្វើជាឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា កាលពីពេលកន្លងទៅផងដែរនោះ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងខ្លាំង របស់ប្រទេសកម្ពុជា។

លោក ចច អ៉ីដហ្គា ក៏បានបញ្ជាក់អំពីការងារសំខាន់ៗ ដែលសហភាពអឺរ៉ុប បានយកចិត្តទុកដាក់ និងជំរុញសម្រាប់រួមចំណែកអភិវឌ្ឍន៍នៅកម្ពុជា។ ជាពិសេសលើវិស័យកសិកម្ម ដែលផ្តល់អត្ថប្រយោជន៍ច្រើនដល់ប្រជាជន និងប្រទេសកម្ពុជា។ លោកឯកអគ្គរដ្ឋទូតចប់អាណត្តិរូបនេះ បានបញ្ជាក់ថា នៅថ្ងៃពុធ សប្តាហ៍នេះ សហភាពអឺរ៉ុប នឹងប្រកាសផ្តល់ជំនួយជាង ១០០លានដុល្លារអាមេរិក សម្រាប់វិស័យជលផល។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះជំនួយនេះ ព្រោះរាជរដ្ឋាភិបាលក៏កំពុងយកចិត្តទុកដាក់ខ្ពស់ទៅការងារជលផលនេះផងដែរ។ ជាក់ស្តែងកាលពីឆ្នាំ២០១២ រាជរដ្ឋាភិបាលបានសម្រេចលុបចោលឡូតិ៍នេសាទ ហើយផ្ដល់ឲ្យសហគមន៍ប្រជាពលរដ្ឋ។

ក្នុងជំនួបនេះ លោក ចច អ៉ីដហ្គា បានគូសបញ្ជាក់អំពីការជួយទៅដល់វិស័យបម្រែបម្រួលអាកាសធាតុ ដែលកម្ពុជាជាប្រទេសមួយនៅតំបន់អាស៊ី-អាគ្នេយ៍ ដែលងាយរងគ្រោះ ដោយបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាពិភពលោក។ មិនតែប៉ុណ្ណោះសហភាពអឺរ៉ុប នឹងបន្តជួយលើវិស័យព្រៃឈើ ដែលបច្ចុប្បន្នជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រឆាំងការកាប់បំផ្លាញព្រៃឈើខុសច្បាប់។

ឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់សហភាពអឺរ៉ុប បានលើកឡើងដែរថា សហភាពអឺរ៉ុប ក៏បានធ្វើវិភាគទានដ៏ថ្លៃថ្លា ទៅដល់តុលាការខ្មែរក្រហម ដែលជាតុលាការកូនកាត់ឲ្យទទួលបានជោគជ័យ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី អរគុណចំពោះសហភាពអឺរ៉ុប ដែលបានជួយវិភាគទានក្នុងការស្វែងរកយុត្តិធម៌ ចំពោះប្រជាពលរដ្ឋកម្ពុជា។ ជាពិសេស មិនត្រឹមតែប្រជាពលរដ្ឋ ដែលបាត់បង់អាយុជីវិតប៉ុណ្ណោះទេ ថែមទាំងជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍មួយនេះ៕