(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ចើញចុះសួរសុខទុក្ខកុមារកំព្រា ដែលកំពុងស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង ដោយមានការចូលរួមពីតំណាងរបស់ធនាគារ MGN Emperor Bank Plc. ផងដែរ។

នាឱកាសនោះលោកស្រី ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាល សម្តេចតែងតែនឹករលឹកដល់កុមារកំព្រា ដែលបាន និងកំពុងស្នាក់នៅគ្រប់មណ្ឌលកុមារកំព្រាទូទាំងប្រទេស។

លោកស្រី ក៏បានផ្តាំផ្ញើដល់កុមារកំព្រាទាំងអស់ ត្រូវចេះថែរក្សាសុខភាព និងចេះថែរក្សាអនាម័យក្នុងការរស់នៅដូចជា រស់នៅស្អាត ហូបស្អាត ត្រូវចៀសឱ្យផុតពីគ្រឿងញៀន ត្រូវប្រឹងប្រែង និងខិតខំរៀនសូត្រ។ រីឯចំណែកលោកគ្រូ អ្នកគ្រូវិញ ត្រូវបន្ថែមការយកចិត្តទុកដាក់ក្នុងការថែទាំ និងអប់រំកុមារ ដែលបានរស់នៅក្នុងមណ្ឌលស្វាយរៀងនេះ ឲ្យដូចជាកូនបង្កើតរបស់ខ្លួនផងដែរ។

លោកស្រីបណ្ឌិត ម៉ែន សំអន ក៏បានឧបត្ថម្ភដល់កុមារកំព្រាចំនួន ៣៦នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៣ម៉ឺនរៀល មី ១កេស ទឹកក្រូច ៦កំប៉ុង នំ៤កញ្ចប់ ទឹកសុទ្ធ ៤ដប លោកគ្រូ អ្នកគ្រូ ចំនួន ៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល មី ១កេស នំ ៦ដុំ។

ដោយឡែក សម្រាប់មជ្ឈមណ្ឌលផ្ទាល់ក៏ទទួលបាន អង្ករ ២០បាវ ទឹកត្រី ៦០ដប ទឹកស៊ីអ៊ីវ ៦០ដប ត្រីខ ២កេស ទឹកដោះគោ ២កេស ស្ករស ៥០គីឡូក្រាម និងថវិកា ចំនួន២ពាន់ដុល្លារ ដែលជាថវិការសប្បុរសជន នៃធនាគារ MGN Emperor Bank Plc ទុកសម្រាប់ផ្គត់ផ្គង់ អារហារប្រចាំថ្ងៃ ជូនដល់កុមការកំព្រាផងដែរ៕