(ភ្នំពេញ)៖ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈប្រតិភូ អញ្ជើញសួរសុខទុក្ខលោកតា ប៊ូ ថង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការនឹករលឹកចំពោះលោកព្រឹទ្ធាចារ្យ ប៊ូ ថង ជាឥស្សរជនមួយរូបដែលមួយជីវិតរបស់លោកបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា ដោយពុំខ្លាចនឿយហត់។ នាយឧត្តមសេនីយ៍ ក៏បានជូនពរលោកតា ប៊ូ ថង សូមឱ្យមានសុខភាពល្អ ឆាប់ជាពីជំងឺរោគាព្យាធិទាំងឡាយទាំងពួង និងមានជន្មាយុយឺនយូរ ព្រមទាំងជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនតរៀងទៅ។

លោកតា ប៊ូ ថង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញមកសួរសុខទុក្ខរូបលោក ដល់មន្ទីរពេទ្យ ដែលនេះសបញ្ជាក់ឱ្យឃើញពីទឹកចិត្ត គោរពស្រឡាញ់គ្នា ទៅវិញទៅមក៕