(ភ្នំពេញ)៖ លោកហៃដិហិសា ហូរីនូជិ (Hidehisa HORINOUCHI) អគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ដែលផុតអាណត្តិ បានថ្លែងថា អំឡុងពេលបេសកកម្មរបស់លោកនៅកម្ពុជា ប៉ុន្មានឆ្នាំមកនេះ ទំនាក់ទំនងកម្ពុជា-ជប៉ុន មានការរីកចម្រើនរឹងមាំជាលំដាប់ ទាំងផ្នែកការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម។

លោកហៃដិហិសា ហូរីនូជិ បានលើកឡើងដូច្នេះ ក្នុងឱកាសដែលលោក បានចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ។

លោកអគ្គរដ្ឋទូតជប៉ុន បានគូសបញ្ជាក់ថា បេសកកម្មការទូតរបស់លោកនៅកម្ពុជា គឺចំពេលដែលសេដ្ឋកិច្ចកម្ពុជាមានការីកចម្រើន ហើយទំនាក់ទំនងកម្ពុជា-ជប៉ុន ក៏មានការរីកចម្រើនរឹងមាំជាលំដាប់ ទំាងផ្នែកការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ជាពិសេសគឺកម្ពុជានិងជប៉ុនបានផ្លាស់ប្តូរដំណើរទស្សនកិច្ចពីគ្នាទៅវិញមក ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

លោក Hidehisa HORINOUCHI បានថ្លែងអំណរគុណ ចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលបានគាំទ្រដល់បេសកកម្មការទូតរបស់លោក។ នៅក្នុងនោះ សម្តេចតែងតែឆ្លៀតពេលមមាញឹកទទួលស្វាគមន៍ គណៈប្រតិភូប្រទេសជប៉ុន ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូតជប៉ុនដែលចប់អាណត្តិ មានសង្ឃឹមថា សម្តេចប្រធានរដ្ឋសភានឹងបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរបន្ថែមទៀត។

លោកបានលើកឡើងថា បេសកកម្មការទូតរបស់លោកនៅកម្ពុជា រយៈពេលបីឆ្នាំកន្លងមកនេះ ទទួលបានជោគជ័យ។ ជោគជ័យដោយសារមានការគាំទ្រ និងជួយសម្រួលពីសម្តេចប្រធានរដ្ឋសភាមួយចំណែក។ ក្នុងនោះសម្តេចបានជំរុញឲ្យរដ្ឋសភាកម្ពុជានិងជប៉ុន មានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក។

សម្តេច ហេង សំរិន បានថ្លែងអំណរគុណប្រទេសជប៉ុនដែលបានជួយគាំទ្រ និងផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជារហូតមក។ សម្តេចមានប្រសាសន៍ថា នៅក្នុងរយៈពេលស្នាក់នៅកម្ពុជានេះ លោកឯកអគ្គរាជទូត បានឃើញពីដំណើរការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។ កម្ពុជាបានអនុវត្តពេញលេញលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស។ សម្តេចបានអរគុណជប៉ុន ចំពោះការគ្រំាទ្រការកែទម្រង់ការបោះឆ្នោត និងការលើកកំពស់សិទ្ធិមនុស្សនៅកម្ពុជា។

សម្តេចប្រធានបានស្នើសុំប្រទេសជប៉ុន ជូយគាំទ្រដល់ប្រទេសកម្ពុជាបន្ថែមទៀត ជាពិសេសការអភិវឌ្ឍន៍ធនធានមនុស្ស និងការកសាងសមត្ថភាព ដើម្បីឲ្យកម្ពុជាមានលទ្ធភាពអភិវឌ្ឍប្រទេសអោយកាន់តែរីកចម្រើន។

ចំណងការទូតកម្ពុជានិងជប៉ុន មានរយៈពេលជាង ៦៥ឆ្នាំមកហើយ។ ក្នុងខួប៦៥ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទំាងពីរ ប្រទេសជប៉ុនបានបង្កើតការិយាល័យកុងស៊ុលជប៉ុន នៅខេត្តសៀមរាប។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ២០១៣ មក វឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរ បានក្លាយជា «ភាពជាដៃគូយុទ្ធសាស្រ្ត»។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ រួមគ្នាលើកកម្ពស់ចំណងការទូតនេះ យ៉ាងសកម្មផុលផុសនៅគ្រប់កម្រិត គ្រប់វិស័យ ព្រមទាំងបានប្រែក្លាយទៅជាផលប្រយោជន៍ជាក់ស្តែងយ៉ាងច្រើនដល់ពលរដ្ឋកម្ពុជា៕