(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡាន បានឲ្យដឹងថា សម្រាប់ម៉ោងទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ បានបញ្ចប់ហើយ ដោយដំណើរការទៅយ៉ាងរលូន និងមានភាពស្ងប់ស្ងាត់ល្អ នៅគ្រប់មណ្ឌលប្រឡងទាំងអស់ នៅទូទាំងប្រទេស។

ក្រសួងអប់រំបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១ នៃដំណើរការសំណេរ នៃវិញ្ញាសាទី១ គឺប្រវត្តិវិទ្យា ពីម៉ោង០៧៖៣០នាទី ដល់ម៉ោង០៨៖៣០នាទី សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងផែនដី និងបរិស្ថានវិទ្យា ពីម៉ោង០៧៖៣០នាទី ដល់ម៉ោង០៨៖៣០នាទី សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។

ក្រសួងបានបញ្ជាក់យ៉ាងដូច្នេះថា «នៅថ្ងៃប្រឡងនៃម៉ោងទី១នេះ ស្ថានភាពក្នុងដំណើរការប្រឡង មានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅ ក្នុង និងក្រៅមណ្ឌលប្រឡង ថ្វីត្បិតនៅតាមបណ្ដាខេត្តមួយចំនួន មានភ្លៀងធ្លាក់ ប៉ុន្តែដំណើរការប្រឡង បានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់»។

ដោយឡែក សម្រាប់ម៉ោង២ នៃថ្ងៃដំបូងនឹង ថ្នាក់វិទ្យាសាស្ដ្រ ប្រឡងមុខវិទ្យាជីវវិទ្យា ចាប់ពីម៉ោង០៩៖០០នាទី ដល់ម៉ោង១០៖៣០នាទី និងថ្នាក់វិទ្យាសាស្ដ្រសង្គម ប្រឡងមុខវិទ្យា ប្រវត្តិវិទ្យា ពីម៉ោង០៩៖០០នាទី ដលម៉ោង១០៖៣០នាទី។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨។ ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ (១,៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២,៣៤១នាក់ ស្រី ៣៥,១៣៦នាក់ (២,៩១៥បន្ទប់)៕