(ព្រះវិហារ)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ សហការជាមួយអាជ្ញាធរស្រុកជ័យសែន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ បានធ្វើការចែកស្រូវពូជចំនួន២០តោន ដល់ប្រជាពលរដ្ឋ ចំនួន៤៤០គ្រួសារ មកពី ឃុំចំនួន២ គឺឃុំពុទ្រា និងឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។ ពិធីនេះ ស្ថិតក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក រស់ ហេង អភិបាលស្រុកជ័យសែន និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

លោក ពឹង ទ្រីដា បានថ្លែងថា ស្រូវពូជដែលនាំមកយកចែកជូន ប្រជាកសិករនៅពេលនេះ គឺបានមកពីការគាំទ្រដោយកម្មវិធីប្រព័ន្ធស្បៀងអាហារបំរុងកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយគណៈកម្មាធិការ គ្រោះមហន្តរាយថ្នាក់ខេត្តព្រះវិហារ។

លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា នេះជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ស្របតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចូលរួមលើកកម្ពស់កម្រិតជីវភាព បងប្អូនប្រជាកសិករ ឲ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈការជួយឧបត្ថម្ភទាំងសម្ភារ និងបច្ចេកទេសជាដើម។

លោក ពឹង ទ្រីដា បានបញ្ជាក់ទៀតថា ស្រូវពូជដែលយកមកប្រគល់ជូន ប្រជាកសិករនៅពេលនេះ ជាប្រភេទស្រូវពូជមិនប្រកាន់រដូវ (ពូជស្រូវសែនក្រអូប)។ សម្រាប់ចែកជូនប្រជាកសិករឃុំពុទ្រា ចំនួន៣៦០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន២បេ ស្មើនិង៥០គីឡូក្រាម និងចែកជូនប្រជាកសិករ ឃុំតស៊ូចំនួន៨០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានពូជស្រូវ១បេ ស្មើនិង២៥គីឡូក្រាមផងដែរ៕