(ភ្នំពេញ)៖ ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជា (CIMIF) និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ (CTG) ឆ្នាំ២០១៩ គ្រោងនឹងដំណើរការនៅថ្ងៃទី២២-២៥ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ពិព័រណ៍ទាំងពីរនេះ នឹងប្រមូលផ្តុំអ្នកតាំងពិព័រណ៍ចំនួន​២០០​នាក់ និង២៨០​ស្ដង់ មកពី​១៥ ប្រទេស និងតំបន់ដូចជាប្រទេសកម្ពុជា ចិន សាធារណរដ្ឋឆែក ហុងកុង ឥណ្ឌា ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម ដើម្បីបង្ហាញនូវផលិតផលច្នៃប្រឌិតថ្មីជាច្រើន ដែលជាដំណោះស្រាយ គ្រប់យ៉ាងអាចប្រើប្រាស់បាន ក្នុងការធ្វើពាណិជ្ជកម្ម។

ក្រោមការរៀបចំដោយ ក្រុមហ៊ុន Yorkers Trade & Marketing Service Co.,Ltd ព្រឹត្តិការណ៍ដ៏ធំនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល និងផ្នែកឧស្សាហកម្មនៅកម្ពុជា។

ពិព័រណ៍នេះ ត្រូវបានសហការរៀបចំឡើង ដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម សភាពាណិជ្ជកម្មកម្ពុជា (CCC) និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងឧបត្ថម្ភជាផ្លូវការ ដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម (TPD)។

បណ្ដុំវេទិកាពាណិជ្ជកម្មជំនួញ សម្រាប់វិស័យឧស្សាហកម្មសំខាន់ៗ ពិព័រណ៍ទាំងពីរនេះ បានប្រមូលផ្ដុំនូវគ្រប់ធាតុផ្សំនៃវិស័យឧស្សាហកម្មសំខាន់ៗដូចជា ផ្លាស្ទិក ការវេចខ្ចប់ម៉ាស៊ីនបោះពុម្ព កសិកម្ម គ្រឿងបន្លាស់រថយន្ត ឧបករណ៍ម៉ាស៊ីន និងឧបករណ៍ប្រើប្រាស់ វិស្វកម្មថាមពល និងអគ្គិសនី អំពូលភ្លើង និងវាយនភ័ណ្ឌ៕