(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងទៅលើផែនការអភិវឌ្ឍដាំដុះឈើ ដើម្បីកែច្នៃទៅជាក្តារកុងផ្លាកេ និងគ្រឿងសង្ហារិមរបស់ក្រុមហ៊ុន ស៊ីង បាយអូថេក។ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យមានការជួយជ្រោមជ្រែង និងគាំទ្រដល់ក្រុមហ៊ុន ដើម្បីបើកលទ្ធភាពលើការធ្វើឧស្សាហកម្មកែច្នៃឈើបំពេញទីផ្សារក្នុងស្រុកដែលកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន។

ដោយមើលឃើញពីតម្រូវការនៃការប្រើប្រាស់ឈើកែច្នៃទាំងក្តារបន្ទះ ក្តារកុងផ្លាកេ និងគ្រឿងសង្ហារិមនៅកម្ពុជាកំណើនខ្ពស់នៅឆ្នាំ២០១១ រាជរដ្ឋាភិបាលបានផ្តល់ផ្ទៃដីទំហំ ៣៤.០០០ហិកតា នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ឱ្យក្រុមហ៊ុន ស៉ីង បាយអូថេក (ខេមបូឌា) ខូ អិលធីឌី ដើម្បីដាំដើមដើមឈើយកមកកែច្នៃជាក្តារកុងផ្លាកេ និងគ្រឿងសង្ហារិម។

អគ្គនាយកក្រុមហ៊ុន ស៊ីង បាយអូថេក លោក លូ ឈូឆាង (Lu Chu Change) បានឱ្យ Fresh News ដឹងថា ក្រោយពេលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលខ្លួនបានប្រឹងប្រែងអនុវត្តន៍ការងារទៅតាមការសន្យាជាមួយរាជរដ្ឋាភិបាល។ មកដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ក្រុមហ៊ុន ឈូសឆាយដីបានចំនួន ៩៣០ហិកតា និបានដាំកូនឈើរួចរាល់បានចំនួន ៦០០ហិកតា ស្មើនឹងកូនឈើចំនួន ៧៥០.០០០ដើម ដែលជាប្រភេទដើមប្រេងខ្យល់។

អគ្គនាយកក្រុមហ៊ុនរូបនេះបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនកំពុងខិតខំប្រឹងប្រែងក្នុងការដុះលើផ្ទៃដីដែលនៅសេសសល់ចំនួន ៣៣០ហិកតា ដែលត្រូវដាំកូនឈើប្រមាណ ៤១២.៥០០ដើម ដែលជាប្រភេទដើមប្រេងខ្យល់ឱ្យបានចប់សព្វគ្រប់នៅឆ្នាំខែកញ្ញា ឆ្នាំ២០១៩។ ក្រៅពីផ្ទៃដីដែលបានឈូសឆាយរួចរាល់នេះ ដើម្បីសម្រេចតាមផែនការក្រុមហ៊ុននឹងចាប់ផ្តើមឈូសឆាយផ្ទៃដីទំហំប្រមាណ ៥.០០០ហិកតាបន្ថែមទៀតនៅខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ ហើយខែឧសភា ឆ្នាំ២០២០ នឹងដាំដុះលើផ្ទៃដីឈូសឆាយរួចទាំងអស់តែម្តង ដោយគ្រោងដាំកូនឈើជាង ៦លានដើម។

កូនឈើដែលក្រុមហ៊ុនគ្រោងដាំនោះរួមមាន៖ កូនឈើប្រណិតគ្រប់ប្រភេទចំនួន ៥០ហិកតា, កូនឈើប្រភេទលេខ១ ចំនួន ៥០ហិកតា, កូនឈើប្រភេទលេខ២ ចំនួន ៣០០ហិកតា, កូនឈើប្រភេទក្រៅលំដាប់ថ្នាក់ (ដើមរកា, ដើមស្តង់, ដើមពោន, ដើមគរ) ចំនួន ៦០០ហិកតា និងកូនឈើប្រេងខ្យល់ចំនួន ៤ពាន់ហិកតា។

ដោយមើលឃើញពីតម្រូវការប្រើប្រាស់ឈើក្នុងវិស័យឧស្សាហកម្មកែច្នៃឈើ ក្រុមហ៊ុនបានដាក់ផែនការដាំកូនឈើគ្រប់ប្រភេទលើផ្ទៃដីទំហំ ១០ម៉ឺហិកតាបន្ថែមទៀតក្នុងរយៈពេល ១០ឆ្នាំ គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៨។

លោក វេង សាខុន បានឱ្យដឹងថា ផ្ទៃដែលអនុញ្ញាតឱ្យក្រុមហ៊ុនដាំដុះឈើនេះ គឺជាផ្ទៃដីដែលរាជរដ្ឋាភិបាលបានត្រៀមបម្រុងទុកសម្រាប់ការដាំដើមឈើនៅឆ្នាំ២០០៨។ តែដោយសារថវិការដ្ឋមានកម្រិត ក៏បានចាប់ដៃគូជាមួយវិស័យឯកជន ដើម្បីធ្វើការលើការដាំដុះកូនឈើ ដើម្បីបម្រើដល់ការកែច្នៃធ្វើគ្រឿងសង្ហារិម និងវិស័យសំណង់។ ដោយបានគិតគូរលើការដាំដើមអាកាសស្យា និងដើមប្រេងខ្យល់ដែលអាចយកច្នៃទៅជាគ្រឿងសង្ហារិម និងប្រើប្រាស់លើវិស័យសំណង់។

លោករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះ «ដីនេះប្រវត្តិវាពីអតីតកាលមក ជាពិសេសនៅក្នុងឆ្នាំ២០០៨ ដីហ្នឹងបានប្រគល់ឱ្យប្រើប្រាស់សម្រាប់ដាំដើមឈើ។ យើងបង្កើតស្ថានីយផ្សព្វផ្សាយព្រៃឈើអីជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០១០។ យើងបង្កើតស្ថានីយផ្សព្វផ្សាយតែយើងមានបញ្ហាប្រឈមត្រង់ថាថវិការបស់យើងនៅមានកម្រិតយើងមិនអាចពង្រីកវិសាលភាពបានទាន់ពេលវេលាទេ។ អ៊ីចឹងហើយបានយើងចង់ចាប់ដៃគូជាមួយវិស័យឯកជនធ្វើការជាមួយគ្នា។ ទីមួយយើងគិតគូរអំពីអនាគតតំបន់ណាអភិរក្សយើងមិនអាចប៉ះពាល់បានទេ អ៊ីចឹងយើងត្រូវគិតគូរអំពីការស្រាវជ្រាវទៅលើពូជឈើថ្មីៗដែលអាចផ្តល់ផលមកសម្រាប់ការកែច្នៃផ្គត់ផ្គង់ទៅដល់គ្រឿងសង្ហារិម និងសំណង់នាពេលអនាគត។ អ៊ីចឹងហើយបានយើងសហការក្នុងការដាំដុះព្រៃឈើហ្នឹងគិតគូរទៅលើដើមអាកាសស្យា និងដើមប្រេងខ្យល់ ដែលអាចយកមកច្នៃធ្វើគ្រឿងសង្ហារិមនាពេលខាងមុខ។ យើងមើលឃើញនៅប្រទេសគេ ជាពិសេសប្រទេសចិន បានផលប្រយោជន៍ពីអាហ្នឹងសម្បើមណាស់ ដូចជានៅខេត្តហ្គង់ស៊ីអី គឺគ្របដណ្តប់ដោយព្រៃអាកាសស្យា និងប្រេងខ្យល់តែម្តង ៤ឆ្នាំគេអាចប្រមូលផលបាន»។

មិនត្រឹមតែបានឈូសឆាយដី និងដាំដុះកូនឈើនោះ ដើម្បីគាំទ្រដល់គម្រោងដាំដុះឈើគាំទ្រដល់ឧស្សាហកម្មកែច្នៃឈើក្រុមហ៊ុន ក៏បានបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងបង្កាត់ពូជឈើតាមបែបវិទ្យាសាស្ត្រដ៏ធំមួយនៅក្នុងខេត្តកំពង់ធំលើផ្ទៃដីប្រមាណ ៣៧ហិកតា។ វិទ្យាស្ថាននេះ មានគម្រោងផលិតកូនឈើឱ្យបានប្រមាណ ១០លានដើមក្នុងមួយឆ្នាំ។

ក្រៅពីធ្វើសកម្មភាពប្រឹងប្រែងក្នុងដាំដុះឈើក្នុងពេលបច្ចុប្បន្នក្រុមហ៊ុនក៏មានរោងចក្រកែច្នៃឈើកម្ទេចកម្ទីឈើទៅជាក្តារកុងផ្លាកេចំនួនពីរកន្លែងផងដែរ។ មួយកន្លែងស្ថិតនៅក្នុងរាជធានីភ្នំពេញ និងមួយកន្លែងទៀតស្ថិតនៅក្នុងខេត្តកំពង់ចាម។

រោងចក្រទាំងពីរកន្លែងនេះកំពុងធ្វើសកម្មភាពយ៉ាងសកម្មភាពក្នុងការកែច្នៃកម្ទេចកម្ទីឈើ ឬដើមគរជាដើមទៅជាក្តារកុងផ្លាកេ សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងប្រទេសដែលកំពុងមានតម្រូវការខ្ពស់នោះ។

លោក លូ ឈូឆាង បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាត្រូវការក្តារកុងផ្លាកេប្រមាណ ២ម៉ឺនម៉ែត្រគូបក្នុងមួយខែ។ ក្នុងនោះក្រុមហ៊ុនរបស់លោកអាចផលិតបំពេញទីផ្សារបានចន្លោះពី ៣៥០០ម៉ែត្រគូប ទៅ៥ពាន់ម៉ែត្រគូបប៉ុណ្ណោះ ក្រៅពីនោះត្រូវនាំចូលពីខាងក្រៅ។

តាមការប៉ានប្រមាណរបស់លោក លូ ឈូឆាង តម្រូវការក្តារកុងផ្លាកេអាចនឹងកើនឡើងប្រមាណ ២០ភាគរយក្នុងមួយឆ្នាំប្រសិនកំណើនសំណង់នៅកម្ពុជាបន្តកើនឡើងដូចពេលបច្ចុប្បន្ននេះ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានបង្ហាញការគាំទ្រទៅលើគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ដែលបានដាំដើមឈើ ដើម្បីយកមកកែច្នៃជាគ្រឿងសង្ហារិម ជាក្តារកុងផ្លាកេជាដើមនោះ។ លោករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងមួយឆ្នាំៗមានការនាំចូលឈើជាប្រភេទសង្ហារិម និងក្តារកុងផ្លាកេរាប់ម៉ឺនម៉ែត្រគូបពីខាងក្រោម ដើម្បីបំពេញតម្រូវក្នុងប្រទេស។

«ពិតប្រាកដណាស់ប្រទេសមួយយើងត្រូវតែគិតគូរ។ ជាពិសេសប្រទេសកម្ពុជាយើង យើងនៅសល់ដីទូលំទូលាយ ហើយយើងឈឺចាប់ដែរមួយថ្ងៃៗគេសុំនាំឈើចូល ដូចជាក្តារកុងផ្លាកេ ក៏ដូចជាឈើផ្សេងៗទៀត ដើម្បីកែច្នៃធ្វើគ្រឿងសង្ហារិមនៅកម្ពុជាមួយឆ្នាំៗមិនតិចម៉ឺនម៉ែត្រគូបទេ។ ដូច្នេះយើងគួររុញការងារនេះឱ្យយើងមានម្ចាស់ការ ជាពិសេសគឺបញ្ហាទាក់ទងជាមួយពាក់ព័ន្ធជាមួយក្តារឈើបង្គំសំណង់ ក្តារអីយើងនាំចូលទាំងអស់ឥឡូវហ្នឹង។ ការដ្ឋានធំៗ គឺនាំចូលក្តារកុងផ្លាកេសឹងតែ១០០ភាគរយ ដែលយកមកធ្វើការសាងសង់។ នេះជារឿងមួយដែលយើងត្រូវជំរុញការអភិវឌ្ឍ»។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់។

តាមរយៈគម្រោងអភិវឌ្ឍន៍ដាំដើមឈើ និងកែច្នៃនេះ ក្រុមហ៊ុន ស៊ីង បាយអូថេក មិនត្រឹមតែបានរួមចំណែករកថវិកាចូលដល់សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ឧស្សាហកម្មកែច្នៃឈើនៅកម្ពុជាប៉ុណ្ណោះទេ តែក្រុមហ៊ុនបានផ្តល់ការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋខ្មែរផងដែរ។

ទាំងនៅកន្លែងដាំដុះឈើនៅខេត្តក្រចេះ និងស្ទឹងត្រែង, បណ្តុះកូនឈើនៅកំពង់ធំ ក៏ដូចជានៅរោងចក្រកែច្នៃឈើនៅខេត្តកំពង់ចាម និងរាជធានីភ្នំពេញ ក្រុមហ៊ុនផ្តល់ការងារជិត ២ពាន់កន្លែង ដោយទទួលបានបានប្រាក់ខែចន្លោះពី ២៥០ដុល្លារ រហូតដល់ជាង ១ពាន់ដុល្លារ៕