(ពោធិ៍សាត់)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានកត់សម្គាល់អំពីវឌ្ឍនភាពកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ឬ «ទូកនាគ» ទូកកានូ និងទូករ៉ូអ៉ីង នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានកែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធភាពការអភិវឌ្ឍវិស័យកីឡានេះ សំដៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ SEA Games ឆ្នាំ២០២៣ ខាងមុខ។

ការលើកឡើងរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាព ពិធីបិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ដែលរៀបចំឡើងនៅតាមដងស្ទឹងពោធិ៍សាត់ កាលពីរសៀលថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃរដ្ឋបាលសាលាខេត្តពោធិ៍សាត់ មន្ត្រីជាន់ខ្ពស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា តំណាងវិស័យឯកជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា ដែលបានសហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការរៀបចំព្រឹត្តិការណ៍ខាងលើ រហូតទទួលបានជោគជ័យ ដើម្បីផ្តល់ឱកាសជូនកីឡាករ-កីឡាការិនី ធ្វើការបញ្ចេញទេពកោសល្យ វាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលបានហ្វឹកហាត់កន្លងមក ក៏ដូចជាផ្តល់ការកម្សាន្តជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលចូលមកទស្សនា និងធ្វើដំណើរឆ្លងកាត់ទីរួមខេត្តពោធិ៍សាត់។

លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា «ជ័យជម្នះដែលកីឡាករ-កីឡាការិនី ទទួលបាននាពេលនេះ ពិតជាមិនអាចកាត់ផ្តាច់ពីការខិតខំហ្វឹកហាត់ជាប្រចាំ បូកផ្សំការតស៊ូព្យាយាមគោរពវិន័យ ក្រមសីលធម៌ល្អ និងបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវក្នុងការប្រកួត» ។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គពិធី អំពីវឌ្ឍនភាពកំណើនសេដ្ឋកិច្ចជាតិ និងសមិទ្ធផលផ្នែកសង្គម នៅក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាបច្ច័យនាំឱ្យកម្ពុជា ទទួលបានការកោតសរសើរ និងទំនុកចិត្តខ្ពស់ពីមជ្ឈដ្ឋានអន្តរជាតិ ក្នុងការធ្វើជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) នៅក្នុងឆ្នាំ២០២៣ ខាងមុខ។

ទន្ទឹមគ្នានោះដែរ ដើម្បីធ្វើឱ្យវិស័យកីឡាទូកគ្រប់ប្រភេទ (ទូកកានូ ទូករ៉ូអ៊ីង និងទូកប្រពៃណី «ទូកនាគ») នៅកម្ពុជា កាន់តែមានភាពរីកចម្រើនទាំងបរិមាណ និងគុណភាព លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍ចំនួន ៦ចំណុច ដល់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា ដូចខាងក្រោម៖
១- ត្រូវខិតខំបើកវគ្គបណ្តុះបណ្តាល និងបង្កើនបរិមាណកីឡាករ-កីឡាការិនី នៅតាមបណ្តាសមាគម កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកកានូ និងទូករ៉ូអ៉ីង ទូទាំងប្រទេស។
២- ត្រូវមានធនធាន និងសម្ភារហ្វឹកហាត់ឱ្យបានគ្រប់គ្រាន់ ជាពិសេស សមាគមកីឡាទូករាជធានី-ខេត្ត និងក្រសួង⁄ស្ថាប័ន ចាំបាច់ត្រូវមានទូកផ្ទាល់ខ្លួន ដើម្បីងាយស្រួលហ្វឹកហាត់ ក៏ដូចជាចូលរួមប្រកួត ទាំងថ្នាក់ភូមិភាគ និងថ្នាក់ជាតិ ព្រោះកីឡាទូកទាំងបីប្រភេទនេះ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត ឱ្យចូលរួមប្រកួតនៅក្នុងកីឡាជាតិ លើកទី៣ (3rd National Games) ចាប់ពីឆ្នាំ២០២០ តទៅ។
៣- ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុង របស់សហព័ន្ធ និងសមាគមកីឡាទូកទូទាំងប្រទេស ដោយផ្តោតលើការបំពេញមុខងាររបស់គណៈកម្មការជំនាញនីមួយៗ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។
៤- ត្រូវពង្រឹងសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រម ឱ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព ដើម្បីអាចគ្រប់គ្រង និងរៀបចំការប្រកួតបានគ្រប់កម្រិត។
៥- ត្រូវខិតខំស្វែងរកដៃគូសហការ និងក្រុមហ៊ុនឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួត ឱ្យបានកាន់តែច្រើនក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន។
៦- ត្រូវជំរុញផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួត និងសកម្មភាពការងាររបស់សហព័ន្ធ ឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញការគាំទ្រពីវិស័យឯកជន និងសាធារណជនជាតិ និងអន្តរជាតិ៕