(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ បានចេញមកបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ថា ការចាប់ខ្លួនលោក អះម៉ាត់ យ៉ះយ៉ា ដាក់ពន្ធនាគារ គឺជាការរៀបចំគម្រោងរបស់លោក។

តាមរយៈលិខិតបដិសេធ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានអះអាងថា ការចាប់ខ្លួនលោក អះម៉ាត់ យ៉ះយ៉ា គឺជារឿងឯកជន ដោយសារតែលោក អះម៉ាត់ យ៉ះយ៉ា បានប្រព្រឹត្តអំពើល្មើសច្បាប់ ដោយនាំពលករខ្មែរដោយខុសច្បាប់ ទៅបម្រើការងារនៅប្រទេសអារ៉ាប៊ីសាអូឌីត។

ខាងក្រោមនេះ ជាខ្លឹមសារបដិសេធរបស់ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់៖

«ខុទ្ទកាល័យ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ សូមបដិសេធយ៉ាងដាច់អហង្ការ ចំពោះខ្លឹមសារដែលបានចុះផ្សាយ នៅលើគេហទំព័រ និងវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ដែលបានលើកឡើងដោយបំភ្លៃខុសពីការពិត និងមានចរិតមួលបង្កាច់ អុជអាល បង្កចលាចល ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឯកឧត្តម អូស្មាន ហាស្សាន់ ដោយបានដកស្រង់សម្តីលោក អះម៉ាត់ យ៉ះយ៉ា ថាអ្នកដែលរៀបចំគម្រោងចាប់លោក ដាក់ពន្ធនាគារនេះ គឺឯកឧត្តម អូស្មាន ហាស្សាន់ ដោយសារតែលោក និងពលរដ្ឋជំទាស់នឹងគម្រោងចង់ធ្វើផ្លូវពុះដីវិហារបឹងកក់។

ខុទ្ទកាល័យ សូមបញ្ជាក់ថា ការផ្តន្ទាទោសលោក អះម៉ាត់យ៉យ៉ា ដាក់ពន្ធនាគារ ជាសមត្ថកិច្ចរបស់តុលាការទាំងស្រុង។ នេះគឺជារឿងឯកជនរបស់លោក អះម៉ាត់យ៉ាដែលត្រូវបានតុលាការរកឃើញថា បានបញ្ជូនពលករដោយខុសច្បាប់ ទៅបម្រើការងារនៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយបោះបង់ចោលអស់រយៈ
ពេលជាង១២ឆ្នាំ ហើយត្រូវបានក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ជួយសង្គ្រោះមកដល់កម្ពុជាវិញ ដែលជនរងគ្រោះឈ្មោះ ម៉ាត់ សាណាស់ បានមកដល់កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ និងឈ្មោះ អេង ពៅ បានមកដល់កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់មកពួកគេបានប្តឹងទៅសមត្ថកិច្ច ហើយត្រូវបានតុលាការផ្តន្ទាទោសដាក់ ពន្ធនាគារ១៥ឆ្នាំ និងបង្គាប់ឲ្យសងប្រាក់ទៅជនរងគ្រោះ ចំនួន២០០លានរៀល ពីបទជួញដូរមនុស្សដោយខុសច្បាប់ ករណីនេះមិនមានពាក់ព័ន្ធនឹងគម្រោងធ្វើផ្លូវរបស់សាលារាជធានីភ្នំពេញ កាត់ដីវិហារបឹងកក់នោះឡើយ»៕