(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូអន្តរក្រសួង ក្នុងនោះមានរដ្ឋមន្រ្តី៣រូបផ្សេងទៀត ទៅបំពេញទស្សនកិច្ច នៅសហព័ន្ធអាល្លឺម៉ង់ នាចុងខែកញ្ញា ខាងមុខនេះ ដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ ពាក់ព័ន្ធនឹងការផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិ។

រដ្ឋមន្រ្តី៣រូប ដែលចូលរួមដំណើរទស្សនកិច្ចនេះ រួមមាន លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួ ង បរិស្ថាន លោក សាយ សំអាល់ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ក្រៅពីនោះ មានមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ គោលបំណងសំខាន់ នៃដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូអន្តរក្រសួងកម្ពុជា ទៅសហព័ន្ធអាល្លឺម៉ង់នេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំអនុវត្តនាពេលបច្ចុប្បន្ននោះ គឺកំណែទម្រង់វិមជ្ឈិកា និងវិសហមជ្ឈិកា។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏ជួបនឹងពិភាក្សាការងារ មន្រ្តីជាន់ខ្ពស់មួយចំនួនរបស់សហព័ន្ធអាល្លឺម៉ង់ ជួបសមាជិកសភាមួយចំនួន ដែលពាក់ព័ន្ធនឹងការងារវិមជ្ឈិកា វិសហមជ្ឈិកា ជួបអភិបាលរដ្ឋ អភិបាលក្រុងមួយចំនួន ដើម្បីស្វែងយល់ជាក់ស្តែង អំពីការអនុវត្តរបស់ពួកគាត់ សម្រាប់ដកស្រង់អ្វីដែលល្អ មកអនុវត្តឱ្យការងារវិមជ្ឈិកា វិសហមជ្ឈិកា នៅក្នុងប្រទេសកម្ពុជា ប្រកបដោយប្រសិទ្ធភាព។

ក្រៅពីនោះ ក៏មានដំណើរទស្សនកិច្ច ទៅកាន់ទីតាំងមួយចំនួន ដើម្បីស្វែងយល់ជាក់ស្តែង អំពីការងារ គ្រប់គ្រងវិស័យសុខាភិបាល វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ វិស័យធនធានធម្មជាតិ ការគ្រប់គ្រងព្រៃឈើ ការគ្រប់គ្រងបរិស្ថាន តាមតំបន់នីមួយៗ ដែលកំពុងអនុវត្តនៅអាល្លឺម៉ង់ផងដែរ៕