(ភ្នំពេញ)៖ លោក ត្រាំ អ៉ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញធ្វើជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវសេវាកម្ម E-Commerce ដែលមានឈ្មោះថា Tinh Tinh Shop របស់ក្រុមហ៊ុនប្រៃសណីយ៍កម្ពុជា អ៉ីសូលូសិន (Cambodia Post e-Solutions PLC) នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះ លោក ត្រាំ អ៉ីវតឹក បានថ្លែងអបអរសាទរ និងកោតសរសើរ ចំពោះប្រៃសណីយ៍កម្ពុជា និងក្រុមហ៊ុនដៃគូ ដែលបានខិតខំរួមដៃគ្នា បង្កើតឲ្យបានជាក្រុមហ៊ុន Cambodia Post e-Solutions នេះឡើង ហើយកាន់តែជាក់ស្តែងបន្ថែមទៀត គឺក្រុមហ៊ុនបានសម្រេចជោគជ័យ នូវការបង្កើត Web Page ឈ្មោះថា Tinh Tinh Shop នេះឡើង។ លោកបន្តថា Tinh Tinh Shop នេះជាទម្រង់សេវាដ៏ចាំបាច់ ក្នុងបរិយាកាសសង្គម និងនិន្នការសេដ្ឋកិច្ចពិភពលោក នាពេលបច្ចុប្បន្ន។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «Tinh Tinh Shop ជាទម្រង់សេវា Local Cross border E-Commerce Platform ជួយសម្រួលអ្នកទិញ អ្នកលក់ គ្រប់ទម្រង់តូចធំ ជឿទុកចិត្ត ចំណេញពេលវេលា ប្រាក់កាស រហ័សទាន់ចិត្ត ទៅតាមតម្រូវការទីផ្សារបច្ចុប្បន្ន។ ក្នុងនាមក្រសួង សុំសំណូមពរដល់គ្រប់ក្រសួង ស្ថាប័នរដ្ឋ ព្រមទាំងឯកជនចូលរួមគាំទ្រ និងប្រើប្រាស់សេវា E-Commerce របស់ Cambodia Post e-Solutions»

ជាមួយគ្នានេះ លោកស្រី មាស សាវី ប្រធានក្រុមប្រឹក្សាភិបាលរបស់ ក្រុមហ៊ុនប្រៃសណីយ៍កម្ពុជា អ៉ីសូលូសិន បានថ្លែងថា បន្ទាប់ពីបានសហការជាមួយ ប្រៃសណីយ៍កម្ពុជា Cambodia Post e-Solutions PLC បានបង្កើតនូវ Web Page ឈ្មោះថា Tinh Tinh Online Shop ដែលជាបច្ចេកវិទ្យាទិញទំនិញតាម អានឡាញ ដ៏ធំបំផុតមួយនៅកម្ពុជា ដែលមានទំនិញរាប់ម៉ឺនមុខ ផ្តល់ជូនអ្នកទិញគ្រប់ទម្រង់តូចធំ តាមភាពងាយស្រួល ជឿទុកចិត្ត ចំណេញពេលវេលា ប្រាក់កាស និងរហ័សទាន់ចិត្ត។ លោកស្រីបន្តថា មួយវិញទៀត ចាប់ពីពេលនេះទៅឌីជីថលក្នុងស្រុក មិនបាច់ព្រួយបារម្ភថ្លៃឈ្នួលផ្សេងៗ រួមទាំងថ្លៃផ្សព្វផ្សាយនោះទេ។

លោកស្រី មាស សាវី បានបញ្ជាក់បន្ថែមទៀតថា «Tinh Tinh Online Shop រីករាយស្វាគមន៍ពាណិជ្ជករក្នុងស្រុក ដើម្បីរួមគ្នាក្នុងការលក់ផលិតផល របស់ពួកគេតាមគម្រោង របស់ពួកយើងផងដែរ។ បន្ថែមលើនេះ សុវត្ថិភាពទូរទាត់ប្រាក់មិនបាច់ព្រួយបារម្ភ ព្រោះយើងនឹងបើកបណ្តាញទូរទាត់ប្រាក់ តាមអ៉ីនធើណេត ជាមួយធនាគារនានា ដើម្បីធានាប្រាក់ចំណូល នឹងត្រូវបានផ្ទេរដោយសុវត្ថិភាព ជូនពាណិជ្ជករ»

លើសពីនេះ លោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកប្រៃសណីយ៍កម្ពុជា បានថ្លែងរំលឹកថា ក្រុមហ៊ុន Cambodia Post e-Solutions ត្រូវបានបង្កើតឡើង ដោយបានការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមលិខិតចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។ ដើមទុនដំបូងរបស់ក្រុមហ៊ុននេះ មានប្រមាណជាង ១លានដុល្លារអាមេរិក។

លោកបន្តថា ក្រុមហ៊ុន Cambodia Post e-Solutions គឺជាក្រុមហ៊ុនដែលបម្រើសេវាកម្ម បញ្ជាទិញតាមអនឡាញ។ លោកថ្លែងថា អតិថិជនអាចបញ្ជាទិញទំនិញលើ Tinh Ting Shoop និងអាចលក់ទំនិញអនឡាញបាន ទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ៕