(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៨ឆ្នាំកម្ពុជា បានធ្វើដំណើរមកដល់មាតុភូមិវិញហើយ នាវេលាម៉ោង ៥ល្ងាចថ្ងៃទី១៦ ខែសីហានេះ ក្រោយបញ្ចប់បេសកកម្មប្រកួតពានរង្វាន់ AFF U-18 Championship 2019 នៅប្រទេសវៀតណាម ។

សម្រាប់ដំណើរមាតុភូមិនិវត្តន៍នេះ ទោះបីក្រុមគោព្រៃជំទង់កម្ពុជា មិនបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក៏ពិតមែន ប៉ុន្ដែពួកគេ បានស្ពាយនូវកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីមួយ ពោលគឺការយកឈ្នះក្រុមខ្លាំងៗ ដែលខ្លួនពុំធ្លាប់ឈ្នះ រួមមានក្រុម U-18 ថៃ និងក្រុម U-18 វៀតណាម ។

ក្រោយធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ គេក៏ឃើញមានអ្នកគាំទ្រមួយចំនួន បានទៅទទួលស្វាគមន៍ និងអបអរសាទរ ចំពោះសមិទ្ធផលថ្មី ដែលធ្វើបានដោយក្រុមជម្រើសជាតិយុវជន U-18 កម្ពុជានេះផងដែរ ៕