(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ បានសំណេះសំណាល និងពិសារបាយសាមគ្គី ជាមួយសិក្ខាកាមយោធាកម្ពុជា ដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៉ី។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ការបណ្ដុះបណ្ដាលនាយទាហាន គឺសំខាន់ណាស់ ព្រោះនាយទាហាន គឺជាឆ្អឹងខ្នងនៃកងទ័ព ដែលមានកម្រិតយុទ្ធសាស្ត្រ យុទ្ធនាការ និងយុទ្ធវិធី។ ជាមួយនេះ លោកបានកោតសរសើរដល់ការសម្រេចបានលទ្ធផល ដ៏ត្រចះត្រចង់រហូតទទួលបានសញ្ញាបត្រក្រហម ដែលពិបាកនឹងកម្រទទួលបានណាស់ និងទទួលស្នាដៃជាច្រើនទៀត ដែលបានទទួល នូវការកោតសរសើរពីសាលា និងថ្នាក់ដឹកនាំនៃសហព័ន្ធរុស្ស៉ី។

លោកបន្តថា ក្រសួងការពារជាតិ នឹងផ្ដល់លិខិតសរសើរចំពោះនិស្សិតឆ្នើម ដែលមានស្នាដៃ និងលទ្ធផលល្អដើម្បីជាការលើកទឹកចិត្ត សិក្ខាកាមយោធា ដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៉ី ក៏ដូចជាប្រទេសដទៃទៀត។ នេះគឺជាការលើកទឹកចិត្តសំខាន់ណាស់ សម្រាប់នាយទាហានជំនាន់ក្រោយ ព្រោះអនាគតរបស់យោធា ត្រូវចូលរួមចំណែកទទួលខុសត្រូវ នៅក្នុងការពង្រឹងកងទ័ព ដើម្បីការពារសន្តិភាព ស្ថិរភាព បូរណភាពទឹកដី សម្រាប់កូនចៅជំនាន់ក្រោយ។ ព្រោះផលប្រយោជន៍នៃការការពារជាតិ មិនមែនសម្រាប់តែអ្នក ដែលពាក់ឯកសណ្ឋានកងទ័ពនោះទេ ប៉ុន្តែគឺផលប្រយោជន៍សម្រាប់ទាំងអស់គ្នា។

ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត បានបញ្ជាក់ថា «យើងគ្រប់គ្រងបាននូវស្ថិរភាពជាតិ គឺជាមោទនភាពជាតិរបស់យើង កងទ័ពរបស់យើង ប្រទេសយើងមានមុខមានមាត់ ជាប្រទេសមួយទប់ទល់ នឹងការឈ្លានពានបាន រក្សាស្ថិរភាពបាន ប្រទេសយើងចេញទៅក្រៅ មោទនភាពនៅលើឆាកអន្តរជាតិ ដែលកិច្ចការទាំងអស់ នាយទាហានជំនាន់ក្រោយ ត្រូវចូលរួមចំណែកបន្តវេន ការពារជាតិ និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើន»

លោកក៏បានអបអរសាទរ ចំពោះភាពជោគជ័យរបស់សិក្ខាកាម ដែលបានបញ្ចប់ការសិក្សា និងដែលកំពុងសិក្សា នៅសហព័ន្ធរុស្ស៉ី និងសូមអរគុណចំពោះរដ្ឋាភិបាល ក្រសួងការពារជាតិសហព័ន្ធរុស្ស៉ី ដែលបានផ្ដល់ការគាំទ្រ និងប្រគល់ឱកាសឲ្យនិស្សិតកម្ពុជា បានទៅសិក្សាជំនាញកងទ័ពតាំង ពីអតីតកាលរស់នៅបច្ចុប្បន្ន៕

Advertising