(កំពង់ធំ)៖ អតីតយុទ្ធជន គឺជាអ្នកមានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ។ ក្នុងសម័យសង្គ្រាម អតីតយុទ្ធជនបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជន និងបានរួមចំណែក ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ អតីតយុទ្ធជន និងក្រុមគ្រួសារ ត្រូវបានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់សម្ដេចតេជោ ហ៊ុន សែន។

នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយលោក រស់ ទី ប្រធានការិយាល័យហិរញ្ញវត្ថុ នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញទៅបើកប្រាក់ធានារ៉ាប់រងសង្គមចំនួន ៨០.៧០៣.៣០០៛ ជូនគ្រួសារសពអតីតយុទ្ធជន ដែលបានមរណៈភាព ក្នុងពេលកន្លងមកថ្មីៗនេះ។

លោក រស់ រី ប្រធានការិយាល័យហិរញ្ញវត្ថុ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជម្រាបជូនគ្រួសារសពអតីតយុទ្ធជនអំពីថវិកាធានារ៉ាប់រងសង្គមដែលគ្រួសារនិមួយៗ ត្រូវទទួល បានមិនស្មើរគ្នាទេ គឺតាមឋានន្តរស័ក្តិ និងតាមប្រភេទមុខសញ្ញានីមួយៗ មានពិការបាត់បង់សមត្ថភាព និងសោធននិវត្តន៍។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានចូលរួមសោកស្ដាយ និងចូលរួមមរណទុក្ខចំពោះការបាត់ស្វាមីបាត់បង់ឪពុករបស់ក្រុមគ្រួសារអតីតយុទ្ធជន ហើយអតីតយុទ្ធជនរបស់យើង និងក្រុមគ្រួសារត្រូវបានការយកចិត្តទុកដាក់ដោះស្រាយគ្រប់បែបយ៉ាងពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដូចជា ការផ្ដល់ជូនប័ណ្ណបេឡាជាតិសន្តិសុខសង្គម (បសស) ដើម្បីបងប្អូនទៅព្យាបាលជម្ងឺនៅមន្ទីរពេទ្យរដ្ឋនានាដោយឥតគិតថ្លៃ។

ការសាងសង់ផ្ទះជូនបងប្អូនគ្រួសារ អតីតយុទ្ធជន ដែលមានជម្រករស់នៅមិនសមរម្យ ការបើកប្រាក់បេឡាមរណៈសង្គ្រោះជូនគ្រួសារសព សម្រាប់ធ្វើបុណ្យជូនសពបងប្អូន អតីតយុទ្ធជន បានទាន់ពេលវេលា។ បងប្អូនគ្រួសារអតីតយុទ្ធជនមានសេចក្ដីរំភើបចិត្តក្រោយពេលទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ផ្តល់ជូនដែលនេះបានបង្ហាញឲ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន៕