(ភ្នំពេញ)៖ វិមានឈ្នះឈ្នះ ដែលជានិមិត្តរូប នៃនយោបាយឈ្នះឈ្នះរបស់កម្ពុជា នឹងត្រូវពង្រីកនូវផ្នែកខ្លះបន្ថែមទៀត ក្នុងការកសាងនៅក្នុងជំហានទី២។

កិច្ចប្រជុំពិភាក្សាការងារសាងសង់វិមានឈ្នះ-ឈ្នះ ជំហានទី២ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ ក្រោមអធិបភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

ការសាងសង់ពង្រីកនៅពេលណានោះ គណៈកម្មការសាងសង់វិមានឈ្នះឈ្នះ នៅមិនទាន់ប្រកាសបាននៅឡើយទេ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំនេះថា ការពង្រីកក្នុងជំហានទី២ មានការលម្អចម្លាក់ដែលនៅខ្វះខាត ការកសាងស្រះឈូក សួនច្បារនៅខាងក្រោយវិមានឈ្នះឈ្នះ រួមទាំងកសាងអគារថ្មីមួយទៀតជាដើម។

សម្តេចបានគូសបញ្ជាក់ថា វិមានឈ្នះឈ្នះនេះនឹងក្លាយទៅជាសំណង់ដ៏ប្រវត្តិសាស្រ្ត សម្រាប់ផ្ទុកនៅប្រវត្តិ និងឯកសារនានា ដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពនិងការអភិ វឌ្ឍរហូតដល់សព្វថ្ងៃនេះ។

នៅក្នុងកិច្ចប្រជុំជំហានទី២នេះ ក្រុមការងារ និងអង្គភាពពាក់ព័ន្ធ បានប្តេជ្ញាចិត្តសហការគ្នាឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីធ្វើយ៉ាងឱ្យសំណង់ជាប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះ កាន់តែលេចធ្លោបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា វិមានឈ្នះ-ឈ្នះ បានចាប់ផ្តើមសាងសង់ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំដី៨ហិកតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប៉ែកខាងជើងរាជធានីភ្នំពេញ ដែលត្រូវបានសម្ពោធឱ្យប្រើប្រាស់ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ចំនឹងខួប២០ឆ្នាំ ការបង្កើតនយោបាយឈ្នះឈ្នះ។

វិមាននេះជានិមិត្តរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក ហើយវិមាននេះក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។

តាមរបាយការណ៍ បច្ចុប្បន្នភាពការងារសាងសង់វិមានឈ្នះឈ្នះ បានឱ្យដឹងថា រយៈពេល ៧ខែ ឆ្នាំ២០១៩ ក្រុមការងារបានទទួលដំណើរទស្សនកិច្ច ប្រតិភូទាំងក្នុង និងក្រៅប្រទេស សាធារណជនជាតិ និងអន្តរជាតិនានា ចូលទស្សនា និងសិក្សាស្រាវជ្រាវចំនួនប្រហែល ២លាននាក់ ក្នុងនោះអត្រាប្រជាជនចូលទស្សនាគិតជាមធ្យមក្នុងមួយថ្ងៃ៥០០នាក់ ទៅ១៥០០នាក់។ ដោយឡែក នៅថ្ងៃបុណ្យជាតិ និងថ្ងៃឈប់សម្រាកនានា ចំនួនចូលទស្សនាកើនឡើងគួរឱ្យកត់សម្គាល់ ពី១០០០នាក់ ទៅ៣០០០នាក់ក្នុងមួយថ្ងៃ៕