(កំពត)៖ លោក ជាវ តាវ អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈដំណើរការប្រឡងបាក់ឌុប ឆ្នាំ២០១៩ ដែលមានអ្នកចូលរួម មកពីបណ្តាជួរថ្នាក់ដឹកនាំសំខាន់ៗ តាមស្ថាប័នដែលមានការពាក់ព័ន្ធ។

នៅក្នុងកិច្ចប្រជុំនេះ អភិបាលខេត្ត ជាវ តាយ បានណែនាំ និងក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរ អង្គភាព កងកម្លាំង សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដែលបានប្រគល់តួនាទីភារកិច្ច ត្រូវតែខិតខំយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗ នៅចំពោះមុខនេះឲ្យទទួលបានលទ្ធផលល្អប្រសើរ និងជោគជ័យ។

លោកអភិបាលខេត្ត ក៏បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធក្នុងខេត្ត ត្រូវត្រៀមលក្ខណៈសម្បត្តិសំខាន់ៗ ចូលរួមដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពដើម្បីធ្វើយ៉ាងណាឲ្យបេក្ខជនបានចូលរួមប្រឡង ដោយមិនត្រូវឲ្យមានបញ្ហារាំងស្ទះដែលក្នុងនោះរួមមាន៖ ពាក់ព័ន្ធការងារចរាចរណ៍ សុំឲ្យកម្លាំងនគរបាលចរាចរណ៍ ត្រូវមានការសម្រួលអធ្យាស្រ័យចំពោះបេក្ខជន ក្នុងពេលធ្វើដំណើទៅប្រឡង ក្នុងរយៈពេល ៥ថ្ងៃ គឺពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែសីហានេះ។

ចំពោះបញ្ហាផ្ទះសំណាក់ សូមឲ្យរដ្ឋបាលក្រុងកំពត និងស្រុកទឹកឈូ យកចិត្តទុកដាក់តាមដានសម្របសម្រួលដោយផ្ទាល់ បើករណីមានការឡើងថ្លៃខុសប្រក្រតី ស្នើដល់ម្ចាស់ផ្ទះសំណាក់ កុំឲ្យមានការតម្លើងថ្លៃ។ រីឯបញ្ហាផ្ញើកង់ម៉តូ គឺក្រុងកំពត និងស្រុកទឹកឈូ ទទួលមើលការងារនេះទាំង ១០មណ្ឌល តែចំពោះបន្ទុកថ្លៃសោហ៊ុយ សម្រាប់អ្នកយាមនៅលើ រដ្ឋបាលខេត្តដោះស្រាយ។ ចំណែកការដូរទីតាំងមណ្ឌលប្រឡង ក្នុងក្រុងកំពតពីអនុវិទ្យាល័យក្រាំងអំពិល មកសាលាគួងយុកជិតក្បាលស្ពានថ្មី មន្ទីរអប់រំខេត្ត ត្រូវដាក់ផ្លាកសញ្ញា ឬជូនដំណឹងដើម្បីឲ្យបេក្ខជនងាយ រកឃើញមណ្ឌលប្រឡង។

ចំពោះការងារផ្សេងៗទៀត លោកអភិបាលខេត្ត ក៏សំណូមពរឲ្យអាជ្ញាធរ និងមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តទាំងអស់ ត្រូវពង្រឹងការរៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ ក្នុងដំណាក់កាល នៃការប្រឡងទាំងក្នុង និងក្រៅមណ្ឌលប្រឡងឲ្យធានាបាននូវបរិយាកាសល្អ ពិសេសឆ្លើយតបពាក់ព័ន្ធវិធានការណ៍ ណែនាំរបស់ក្រសួងមហាផ្ទៃ ដោយទប់ស្កាត់បាតុភាពមិនប្រក្រតីនានាដែលអាចកើតមានឡើង។

គួរបញ្ជាក់ថា ខេត្តកំពតមានមណ្ឌលប្រឡងចំនួន ១០ ក្នុងនោះ ស្ថិតនៅក្នុងក្រុងកំពតចំនួន ៨មណ្ឌល និងស្រុកទឹកឈូចំនួន ២មណ្ឌល និងមានបន្ទប់ប្រឡងចំនួន២១១បន្ទប់៕