(ក្រចេះ)៖ ពេញមួយព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បាននាំខ្លួន ឧកញ៉ា គង់ ក្រឹង នាំមកឆែកឆេរផ្ទះនៅស្រុកស្នួល ខេត្តក្រចេះ ក្រោយពីគាត់ និងកូនប្រសា ត្រូវបានឃាត់ខ្លួនកាលពីល្ងាចម្សិលមិញ។

ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំនៅខេត្តក្រចេះ បានរាយការណ៍ថា កម្លាំងសមត្ថកិច្ចបាននាំខ្លួន ឧកញ៉ា គង់ ក្រឹង មកឆែកផ្ទះនៅស្រុកស្នួល ខណៈកូនប្រសាគាត់ស្ថិតនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត តែចំណាត់ការយ៉ាងណានោះនៅមិនទាន់ដឹងនៅឡើយទេ។

សូមបញ្ជាក់ថា កាលពីល្ងាចម្សិលមិញ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានសម្រេចឃាត់ខ្លួន ឧកញ៉ា គង់ គ្រឹង
និងកូនប្រសារបស់គាត់ហើយ បន្ទាប់ពីសួរនាំអស់រយៈពេល១ថ្ងៃ ពាក់ព័ន្ធនឹងបទល្មើសព្រៃ នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។ នេះបើតាមការបញ្ជាក់ពី ឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

ឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួលពីអយ្យការ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានធ្វើការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន២រូប ក្នុងនោះមាន ជនសង្ស័យ ឧកញ៉ា គង់ គ្រឹង និងឈ្មោះ ម៉ាត់ ណាស៊ាត»

លោកអះអាងថា យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នៃការស៊ើបអង្កេត មន្ត្រីនគរបាលយុត្តិធម៌ អាចឃាត់ខ្លួនបុគ្គលដែលសង្ស័យថា បានចូលរួមក្នុងបទល្មើស។

ការសម្រេចឃាត់ខ្លួនឧកញ៉ា គង់ ក្រឹង បានធ្វើឡើង ពេលដែលក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានកោះហៅឧកញ៉ា គង់ គ្រឹង ឱ្យចូលបំភ្លឺ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។ ឧកញ៉ា គង់ គ្រឹង មានទីលំនៅភូមិដីច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាម្ចាស់រោងសិប្បកម្ម ម៉ាត់ ណាស៊ាត ត្រូវចូលបំភ្លឺតាមពេលវេលាកំណត់ និងត្រូវនាំឯកសារពាក់ព័ន្ធទៅជាមួយផងផងដែរ៕