(ភ្នំពេញ)៖ ក្រុមហ៊ុនមិត្ដហ្វូន និងសម្ព័ន្ធ Viettel Group បានរៀបចំព្រឹត្ដិការណ៍ប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីការប្រកួតភាពច្នៃប្រឌិតដំណោះស្រាយកំរិតខ្ពស់អន្តរជាតិ ឬ Viettel Advanced Solution Track 2019 វគ្គផ្ដាច់ព្រ័ត្រនៅកម្ពុជា ដែលមានក្រុមឆ្នើមចំនួន១០ ដោយបានសម្រាំងចេញពីបេក្ខភាពជាង២០០នាក់ ដើម្បីដណ្ដើមជ័យលាភីចំណាត់ថ្នាក់ពី១ ដល់៣ ជាមួយប្រាក់រង្វាន់សរុបជាង ៧,៥០០ដុល្លារផងដែរ។

លោក សង់ ស៊ីណាវ៉ុង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ និងទូរគមនាគមន៍ បានចូលរួមជាគណៈវិនិច្ឆ័យ ជាមួយក្រុមនាយកប្រតិបត្ដិក្រុមហ៊ុន និង StartUps លំដាប់ពិភពលោកជាច្រើនទៀតរួមមាន លោក Nguyen Manh Dzung នាយកប្រតិបត្ដិនៃក្រុមហ៊ុនផ្សព្វផ្សាយ Cyber Agent ក្នុងប្រទេសវៀតណាម និងថៃ លោក Michael McCarthy សាស្ដ្រាចារ្យសាកលវិទ្យាល័យ Harvard Extension School និងលោក Gene Soo សហស្ថាបនិក StartupsHK។

សម្រាប់ពានដ៏គួរឲ្យចាប់អារម្មណ៍បំផុត សម្រាប់ក្រុមម្ចាស់ជ័យលាភីទាំង៣នោះ គឺការកក់កៅអីទៅចូលរួមប្រកួតវគ្គចុងក្រោយនៃព្រឹត្ដិការណ៍ VietChallenge នៅសហរដ្ឋអាមេរិក ដែលត្រូវបានឧបត្ថម្ភទាំងស្រុងដោយសម្ព័ន្ធ Viettel Group និងមានឱកាសឈ្នះប្រាក់រង្វាន់៥ម៉ឺនដុល្លារ ព្រមទាំងត្រូវបានទទួលយកនូវគំនិតវិនិយោគរបស់ពួកគេដោយក្រុមហ៊ុន American Funds លើការបង្កើត StartUps ថ្មីផងដែរ។

LaundryKH គឺជាក្រុមតំណាងពីកម្ពុជាតែមួយគត់ ដែលបានចូលរួមការប្រកួតនេះ ក្នុងចំណោមក្រុមឆ្នើមទាំង៩ផ្សេងទៀត ហើយគំនិតផ្ដួចផ្ដើមក្នុងការប្រកួតរបស់ពួកគេផ្ដោតទៅលើទូរគមនាគមន៍ អប់រំ ឧបករណ៍ផ្សារភ្ជាប់បច្ចេកវិទ្យាអ៊ីនធឺណិត (IoT) ពាណិជ្ជកម្មអេឡិចត្រូនិក និងឡូជីស្ទីក ដែលរួមមាន Graam, VVN, Appa, Vuihoc, MultiGlass, TiMobile, Ipfication និង Innova Solutions។

ក្រៅពីក្រុមឆ្នើមទាំង១០ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ អ្នករៀបចំព្រឹត្ដិការណ៍ VAS Track កំពុងដំណើរការចុះកិច្ចសន្យា លើគំនិតវិនិយោគសក្ដានុពលជាង២០ទៀត ក្នុងលក្ខខណ្ឌចែករំលែកប្រាក់ចំណេញពី ៤៥រហូតដល់ ៧៥ភាគរយសម្រាប់ឆ្នាំ២០១៩នេះ។

លោក Phung Van Cuong នាយកប្រតិបត្ដិក្រុមហ៊ុនមិត្ដហ្វូន បានឲ្យដឹងថា «ព្រឹត្ដិការណ៍ VAS Track ឆ្នាំ២០១៩នេះ គឺជាការប្រកួតអន្ដរជាតិដ៏ធំមួយ ដែលប្រមូលផ្ដុំនូវគំនិតបច្ចេកវិទ្យាល្អៗបំផុតក្នុងពិភពលោក។ មិត្ដហ្វូន កំពុងស្វែងរកឱកាសសហការជាមួយ StartUps នានានៅកម្ពុជា និងបណ្ដាលប្រទេសដទៃជុំវិញពិភពលោក ដោយសារមិត្ដហ្វូន កំណត់ខ្លួនឯងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ឈានមុខ ដែលតែងតែបើកទ្វារទទួលយកគំនិតថ្មីៗ និងអនុវត្ដវាជាក់ស្ដែង ហើយយើងចង់រួមចំណែកអភិវឌ្ឍន៍សង្គមឌីជីថល ក្នុងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត»។

សូមបញ្ជាក់ផងដែរថា ក្នុងកម្មវិធីប្រកួតប្រជែងនោះ គឺមានការប្រព្រឹត្តិទៅក្រោមពាក្យស្លោកថា «បង្កើតការពិតថ្មីមួយ» ការប្រកួតនេះ គឺជាឱកាសដ៏យុត្ដិធម៌សម្រាប់ StartUps ជាតិ និងអន្ដរជាតិ ជាមួយការព្យាយាមស្វែងរកដំណោះស្រាយដ៏ឈ្លាសវៃ ក្នុងវិស័យទូរគមនាគមន៍ ដើម្បីបង្កើតផលិតផល និងសេវាកម្មប្រើប្រាស់នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ការប្រកួតនេះក៏ជាការជឿជាក់យ៉ាងមុតមាំរបស់មិត្ដហ្វូន ក្នុងការគាំទ្រ StartUps នៅកម្ពុជា និងជុំវិញពិភពលោកផងដែរ៕