(ស្វាយរៀង)៖ ក្រុមការងារលេខាធិការដ្ឋានលុបបំបាត់ឱសថក្លែងក្លាយខេត្តស្វាយរៀង បានចុះបិទទីតាំងផ្តល់សេវាព្យាបាលជំងឺ និងលក់ឱសថអត់ច្បាប់ចំនួន ២កន្លែង នៅក្រុងបាវិត កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩។

ប្រតិបត្តិការនេះដឹកនាំដោយលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ខេត្ត និងលោក ម៉ែន ចាន់រ៉ា អភិបាលរងក្រុងបាវិត និងជាអនុប្រធានគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ក្រុងបាវិត។

បើតាមមន្ត្រី នៃលេខាធិការដ្ឋានលុបបំបាត់ឱសថក្លែងក្លាយខេត្តស្វាយរៀង បានថ្លែងថា ទីតាំងទី១ នៃការចុះបិទទីតាំលក់ឱសថគ្មានច្បាប់ នៅក្រុងបាវិត ស្ថិតក្នុងផ្សារបាវិត (ម៉ុកបាយ) អ្នកផ្តល់សេវាឈ្មោះ Wang Yu Wen ភេទប្រុស អាយុ៥៣ឆ្នាំ ជាជនជាតិចិន និង Wang Yu Hui ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិចិន ជាម្ចាស់ទីតាំង។

ក្រុមការងារបានពិនិត្យឃើញថាទីតាំងនេះ មានដាក់តាំងថ្នាំលក់ចំនួន ០៤ទូ និងមានគ្រែសំរាប់អ្នកជំងឺសម្រាកព្យាបាលចំនួន ០៤គ្រែ ហើយមានអ្នកជំងឺកំពុងសម្រាកព្យាបាល ដាក់សេរ៉ូមចំនួន ០៤នាក់ទៀតផង។ ក្រុមការងារលេខាធិការដ្ឋាន បានចុះត្រួតពិនិត្យទីតាំងនេះចំនួន ៣លើករួចមកហើយ ប៉ុន្តែនៅតែបន្តការផ្តល់សេវាព្យាបាលជំងឺដដែល។

ក្រុមការងារបានធ្វើការដកហូតឱសថ និងសម្ភារបរិក្ខារពេទ្យ នៅក្នុងបន្ទប់ព្យាបាលជំងឺនេះ ធ្វើជាវត្ថុតាងរួមមាន៖ ឱសថចំនួន ០៣កេស។ ឱសថដែលបានដកហូត សុទ្ធតែជាឱសថផលិតនៅប្រទេសចិន ហើយមិនមានបិទបញ្ជីការទេ។

មន្ត្រីបន្តថា ទីតាំងទី២ នៃការចុះបិទទីតាំលក់ឱសថគ្មានច្បាប់ នៅក្នុងកាស៊ីណូឡឺម៉ាកាវ អ្នកផ្តល់សេវាឈ្មោះ លី ពឹងយ៉ុង ភេទប្រុស អាយុ៤៣ឆ្នាំ ជាជនជាតិចិន និងឈ្មោះ លី ពឹងឃីន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិចិន ជាម្ចាស់ទីតាំង ដោយមានការចូលរួមសហការជាមួយគ្រូពេទ្យខ្មែរ។

ក្រុមការងារបានពិនិត្យឃើញថាទីតាំងនេះមានដាក់តាំងថ្នាំលក់ចំនួន ០៦ទូ និងមានគ្រែសំរាប់អ្នកជំងឺសម្រាកព្យាបាលចំនួន ០៥គ្រែ ហើយមានថ្នាំ និងសេរ៉ូមស្តុកទុកជាច្រើនកេស នៅក្នុងបន្ទប់ទឹក និងតាមគៀនជញ្ជាំង។ ក្រុមការងារលេខាធិការដ្ឋាន បានចុះត្រួតពិនិត្យទីតាំងនេះកន្លងមក ព្រមទាំងបានធ្វើកិច្ចសន្យា ឈប់ផ្តល់សេវារួចមកហើយ ប៉ុន្តែបច្ចុប្បន្ននៅតែបន្ត ការផ្តល់សេវាព្យាបាលជំងឺដដែល។

ក្រុមការងារបានធ្វើការដកហូតឱសថ និងសម្ភារបរិក្ខារពេទ្យ នៅក្នុងបន្ទប់ព្យាបាលជំងឺនេះ ធ្វើជាវត្ថុតាងរួមមាន៖ ឱសថចំនួន ២៣កេស។ ឱសថដែលបានដកហូត សុទ្ធតែជាឱសថផលិតនៅប្រទេសចិន ហើយមិនមានបិទបញ្ជីការទេ៕