(ភ្នំពេញ)៖ ចាប់តាំងពីខែមិថុនាឆ្នាំនេះ សកម្មជនហុងកុងមួយចំនួន បានប្រើប្រាស់លេសប្រឆាំងនឹងវិសោធនកម្មច្បាប់បត្យប័នជនសង្ស័យ ប្រព្រឹត្តបង្កហេតុការណ៍ហិង្សាជ្រុលនិយមជាច្រើន តាមរយៈការពឹងផ្អែកលើកម្លាំងគាំទ្រពីខាងក្រៅ។

ការពិតបានបង្ហាញថា បច្ចុប្បន្នសកម្មភាពបាតុកម្មនៅទីក្រុងហុងកុង បានដើរហួសព្រំដែននៃបាតុកម្មធម្មតាទៅហើយ និងបានប្រែក្លាយជាសកម្មភាពហិង្សាជ្រុលនិយម ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះស្ថិរភាពសង្គម និងសុវត្ថិភាពអាយុជីវិតទ្រព្យសម្បត្តិរបស់ប្រជាជនហុងកុង។ ប្រទេសកម្ពុជាតាំងពីដើមរៀងមកប្រកាន់ជំហរគាំទ្រភាគីចិនយ៉ាងមុតមាំចំពោះបញ្ហាទាំងឡាយណា ដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសចិន យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចំណុចនេះ។

ដើម្បីឲ្យមិត្តភក្តិកម្ពុជាដែលព្រួយបារម្ភអំពីបញ្ហាហុងកុងបានយល់ច្បាស់ពីសាច់រឿងពិតក្នុងហេតុការណ៍ចលាចលលើកនេះ ខ្ញុំចង់ធ្វើការបញ្ជាក់បន្ថែមដូចខាងក្រោម៖

១៖ សមិទ្ធផលនៃ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» មិនអាចប្រកែកបានឡើយ។ ហុងកុង គឺជាទឹកដីរបស់ប្រទេសចិន។ ចាប់តាំងពីហុងកុងត្រូវបានវិលត្រលប់មកវិញ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ជាក់ស្ដែងសម្រេចបានសមិទ្ធផលដែលពិភពលោកទទួលស្គាល់គ្រប់ៗគ្នា។ គោលលំនាំ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» «ប្រជាជនហុងកុងគ្រប់គ្រងហុងកុង» ស្វយ័តកម្រិតខ្ពស់ត្រូវបានអនុវត្តបញ្ចូលយ៉ាងពិតប្រាកដ។

ហុងកុងរក្សាបានស្ថិរភាពរីកចម្រើនរុងរឿង ត្រូវបានទទួលស្គាល់ជារួមជាប៉ូលសេដ្ឋកិច្ចសេរីបំផុតប្រចាំពិភពលោក បរិយាកាសធុរកិច្ច និងសមត្ថភាពប្រកួតប្រជែងអន្តរជាតិរឹតទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ។ ប្រជាជនហុងកុងទទួលបានសិទ្ធិប្រជាធិបតេយ្យមិនធ្លាប់មានពីមុន និងសេរីភាពទូលំទូលាយដែលកម្រមានក្នុងពិភពលោក។ សន្ទស្សន៍នីតិរដ្ឋរបស់ហុងកុង ស្ថិតនៅជួរមុខគេក្នុងពិភពលោក។

លទ្ធផលជាក់ស្ដែងបញ្ជាក់ច្បាស់ថា «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» គឺជាគោលប្រព័ន្ធរៀបចំល្អបំផុតសម្រាប់រក្សាស្ថិរភាពរីកចម្រើនរុងរឿងរយៈពេលវែងបន្ទាប់ពីហុងកុងវិលត្រលប់មកវិញ។ រដ្ឋាភិបាល មជ្ឈិមរបស់ចិន នឹងបន្តអនុវត្តឥតងាករេចំពោះគោលលំនាំ«ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» រក្សាគោលដៅនេះមិនឲ្យប្រែប្រួល ឬរង្គោះរង្គើទេ។

២៖ អ្វីដែលពួកគេហៅថា «ការប្រឆាំងតទល់ដោយសន្តិភាព» គឺជាសកម្មភាពហិង្សាយ៉ាងននល។ ជនបង្កហិង្សាហុងកុងមួយចំនួនតូចដែលមានចេតនាមិនល្អញុះញង់ប្រជាជនមិនយល់ច្បាស់ពីការពិតឲ្យចូលរួមលើផ្លូវជាមួយពួកគេ យកលេសដែលពួកគេហៅថា «ការប្រឆាំងតទល់ដោយសន្តិភាព» ប្រព្រឹត្តអំពើហិង្សាបំផ្លិចបំផ្លាញយ៉ាងពិតប្រាកដ។ ពួកគេបង្កអំពើហិង្សា និងវាយប្រហារសភានីតិបញ្ញត្តិ និងការិយាល័យ ទំនាក់ទំនងរបស់រដ្ឋាភិបាលមជ្ឈឹមប្រចាំតំបន់រដ្ឋបាលពិសេសហុងកុង បំផ្លិចបំផ្លាញមិនសំច័យដៃទៅលើ បរិក្ខាសាធារណៈ ស្ដុកទុកឧបករណ៍គ្រោះថ្នាក់ និងអាវុធវាយប្រហារខុសច្បាប់ ប្រើប្រាស់វិធីសាស្រ្ត គ្រោះថ្នាក់ដល់អាយុជីវិត ដូចជាបំផ្លោងគ្រាប់បែកភ្លើងជាដើម ដើម្បីធ្វើការវាយឆ្មក់ទៅលើប៉ូលិស ហ៊ុមព័ទ្ធ រួចវាយដំ ឬខាំផ្ដាច់ម្រាមដៃរបស់ប៉ូលិស ប្រមាថបំផ្លាញនិមិត្តសញ្ញាជាតិ និងទង់ជាតិ។ ពួកគេថែមទាំងបំផ្លាញសណ្ដាប់ធ្នាប់ចរាចរណ៍សាធារណៈតាមតែអំពើចិត្ត ដណ្ដើមវាតទីអាកាសយានដ្ឋាន ហ៊ុមព័ទ្ធវាយប្រហារទៅលើទេសចរ និងអ្នកកាសែតដែលមិនជាប់ពាក់ព័ន្ធ។

អំពើហិង្សាទាំងនេះ ជាន់ប្រមាថធ្ងន់ធ្ងរចំពោះនីតិរដ្ឋរបស់ហុងកុង គំរាមកំហែងដល់សុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បតិ្តរបស់ប្រជាជនហុងកុង។ ច្បាស់ណាស់ សកម្មជនបង្កហិង្សាមួយចំនួននៅហុងកុងមិនមែនដើម្បីទាមទារ ប្រឆាំងនឹងច្បាប់បត្យាប័នជនសង្ស័យនោះទេ គោលដៅរបស់ពួកគេគឺបង្កឲ្យហុងកុងកើតចលាចល និងធ្លាក់លិចលង់ រួចកម្ទេច «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ»។ ក្រុមបាតុករប្រព្រឹត្តហិង្សាហុងកុងបំផ្លាញស្ថិរភាពរីកចម្រើនរុងរឿងរបស់ហុងកុង ពោរពេញដោយចរិតលក្ខណៈធ្ងន់ធ្ងរ និងឥទ្ធិពលអាក្រក់បំផុត។

៣៖ គាំទ្រសមត្ថកិច្ចហុងកុងអនុវត្តច្បាប់ដោយម៉ឺងម៉ាត់។ រដ្ឋាភិបាល និងសារព័ត៌មានបស្ចិមប្រទេស មួយចំនួនដូចជាសហរដ្ឋអាមេរិកជាដើម គេចមិនលើកឡើងអំពីសកម្មភាពហិង្សា ដែលគ្មានច្បាប់ទម្លាប់ របស់សកម្មជនល្មើសច្បាប់នោះទេ តែបែរជាចោទប្រកាន់ទាំងកម្រោលមកលើសកម្មភាពអនុវត្តច្បាប់ ប្រកបដោយលក្ខណៈការពារ និងអត់ធ្មត់ខ្ពស់របស់សមត្ថកិច្ចហុងកុងទៅវិញ។

ខ្ញុំគិតថា មិត្តកម្ពុជាច្បាស់ជា ចាំបានថាតើសមត្ថកិច្ចអាមេរិកបានចាត់វិធានការយ៉ាងណាចំពោះចលនា «Occupy Wall Street» កាលពី ឆ្នាំ២០១១។ អ្វីដែលខ្ញុំចង់និយាយគឺ រដ្ឋាភិបាលមជ្ឈឹមចិនប្ដេជ្ញាដាច់ខាតគាំទ្រប្រធានប្រតិបត្តិហុងកុង លោកស្រី Carrie Lam ដឹកនាំរដ្ឋបាលតំបន់រដ្ឋបាលពិសេសអនុវត្តគោលនយោបាយតាមច្បាប់ ប្ដេជ្ញាគាំទ្ររឹតបន្ដឹងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ ប្ដេជ្ញាគាំទ្រសមត្ថកិច្ច និងស្ថាប័នតុលាការតំបន់រដ្ឋបាលពិសេស ហុងកុងដាក់ទោសសកម្មជនប្រព្រឹត្តបទល្មើសហិង្សាទៅតាមច្បាប់ ប្ដេជ្ញាគាំទ្រសកម្មភាពការពារ នីតិរដ្ឋនិងសណ្ដាប់ធ្នាប់សង្គមហុងកុងរបស់បុគ្គលស្នេហាជាតិ និងស្នេហាហុងកុងទាំងឡាយ។ យើងខ្ញុំជឿជាក់ថា ក្រោមការគាំទ្រយ៉ាងមុតមាំរបស់រដ្ឋាភិបាលមជ្ឈឹមចិន រួមជាមួយសាមគ្គីភាពជាធ្លុងមួយរវាង លោកស្រី Carrie Lam ប្រធានប្រតិបត្តិ និងរដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុង ជាមួយអ្នកស្នេហាជាតិស្នេហាហុងកុងទាំងឡាយ ហុងកុងច្បាស់ជានឹងត្រលប់មករកស្ថានភាពសង្គមនីតិរដ្ឋ និងប្រកបដោយ សណ្ដាប់ធ្នាប់វិញឆាប់ៗនេះជាមិនខាន។

៤៖ ភាពចលាចលនៃទីក្រុងហុងកុង ជាលទ្ធផលនៃការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ។ នៅក្នុងស្ថានការណ៍មួយនេះ វាជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន តែបស្ចិមប្រទេសមួយចំនួនបែរជាមានភាពសកម្ម ខ្លាំងណាស់។ លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បែរជានិយាយថា ហេតុការណ៍បាតុកម្មដែលកើតមានក្នុងទីក្រុងហុងកុងជា «ទេសភាពដ៏ស្រស់ស្អាតមួយ» ជាងនេះទៅទៀត មានសមាជិកសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកមួយចំនួនបានសម្តែងការព្រួយបារម្ភចំពោះទង្វើអនុវត្ត ច្បាប់របស់សមត្ថកិច្ចហុងកុង។ ស្ថាប័នសហរដ្ឋអាមេរិកប្រចាំតំបន់រដ្ឋបាលពិសេសហុងកុងបានរៀបចំមន្រ្តី ជាន់ខ្ពស់ដើម្បីទទួលជួបជាមួយអ្នកដឹកនាំ «សកម្មភាពប្រឆាំងចិន បង្កចលាចលក្នុងហុងកុង» ដើម្បីធ្វើ ជាខ្នងបង្អែកដល់សកម្មភាពខុសច្បាប់នៃក្រុមសកម្មជនបង្កហិង្សា។

«ការសម្តែង» យ៉ាងអាក្រក់ក្នុង ស្ថានភាពចលាចលនៃទីក្រុងហុងកុងរបស់អ្នកនយោបាយបស្ចិមប្រទេសមួយចំនួនរួមទាំងសហរដ្ឋអាមេរិក ផងដែរនោះ បង្ហាញយ៉ាងននលថាអ្វីជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ តួអង្គមិនល្អ ដែលសហរដ្ឋអាមេរិកកំពុងដើរតួក្នុងស្ថានភាពចលាចលទីក្រុងហុងកុងធ្វើឲ្យខ្ញុំនឹកដល់សកម្មភាពបដិវដ្តន៍ពណ៌ ដែលធ្លាប់កើតមានឡើងនៅអឺរ៉ុបខាងកើត អាស៊ីកណ្តាល ព្រមទាំងប្រទេស មួយចំនួនក្នុងទ្វីបអាហ្រ្វិក។

សហរដ្ឋអាមេរិកចាត់ទុកខ្លួនជាប៉មបំភ្លឺសេរីភាពពិភពលោក ដោយអះអាងថាខ្លួននឹងដោះស្រាយបញ្ហា ពិភពលោក។ ជាការពិត ការយកលេសការពារ «លទ្ធិប្រជាធិបតេយ្យ» «សេរីភាព» បាំងមុខ រួចបង្កចលាចលក្នុងកិច្ចការផ្ទៃក្នុង និងផ្លាស់ប្តូរអំណាចនយោបាយក្នុងប្រទេសដទៃ គឺជាយុទ្ធវិធីដែលអាមេរិកតែងទម្លាប់អនុវត្តជារៀងរាល់លើក។

ទាក់ទងជាមួយកម្ពុជាវិញ ថ្មីៗនេះ មានកម្លាំងខាងក្រៅបានប្រឌិតពាក្យចចាមអារ៉ាមទាក់ទងនឹងកិច្ចការ ផ្ទៃក្នុងកម្ពុជាដែលជាប្រទេសអធិបតេយ្យមួយ។ ទន្ទឹមនឹងនេះ ពួកគេបានប្រឌិតព័ត៌មានឥតឈប់ឈរដោយចោទថា ចិននិងកម្ពុជាបានចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងសម្ងាត់»អ្វីមួយ។ បន្តិចថា ចិនចង់ សាងសង់មូលដ្ឋានទ័ពជើងទឹក និងព្រលានយន្តហោះយោធា នៅទឹកដីខេត្តកោះកុងប្រទេសកម្ពុជា បន្តិច ទៅជាថាចិនចង់បង្កើតមូលដ្ឋានទ័ពជើងទឹកនៅសមុទ្ររាមទឹកដីខេត្តព្រះសីហនុ។

ទាំងនេះសុទ្ធតែជា ព័ត៌មានប្រឌិតបំផ្លើស ពោរពេញដោយចេតនាល្បិចកលផ្សេងៗ។ ពួកគេមិនបានចាក់ទុកកិច្ច សហប្រតិបត្តិការបើកជំហរ និងតម្លាភាពរវាងចិន និងកម្ពុជាក្នុងកែវភ្នែកនោះទេ បែរជាមានគំនិត បង្កចលាចលដោយបំព័ន្ធក្រសែភ្នែកប្រជាពលរដ្ឋធ្វើការប្រឌិតព័ត៌មានក្លែងក្លាយ លាបពណ៌ និងបំផ្លាញ កិច្ចសហប្រតិបត្តិការផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងចិននិងកម្ពុជា។ នេះជាគន្លងនៃការជ្រៀតជ្រែក ដោយកម្រោលទៅលើកិច្ចការផ្ទៃក្នុងប្រទេសដទៃ គឺជាទង្វើជាន់ឈ្លីជាសាធារណៈទៅលើគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ និងទំនាក់ទំនងអន្តរជាតិ យើងខ្ញុំសូមប្រឆាំងជាដាច់ខាតចំពោះទង្វើបែបនេះ៕

ដោយ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wentian