(ភ្នំពេញ)៖ អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងខែកក្កដា ឆ្នាំ២០១៩ បានកើតឡើងចំនួន៣៣៦លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន១៤១នាក់ និងរបួសចំនួន ៥៩៨នាក់ (របួសធ្ងន់៣៤៥នាក់)។ កន្លែងមានអ្នកស្លាប់ច្រើន នៅរាជធានីភ្នំពេញ ចំនួន២៩នាក់, ព្រះសីហនុ ចំនួន១៥នាក់ និងខេត្តកំពង់ស្ពឺ ចំនួន១៣នាក់។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រចាំខែកក្កដា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់ថា ចំនួនជនរងគ្រោះជាមធ្យម ក្នុងមួយថ្ងៃស្លាប់ ចំនួន៥នាក់ និងរបួសចំនួន១៩នាក់។

នាយឧត្តមសេនីយ៍ បានបន្ថែមថា គ្រោះថ្នាក់ទាំងអស់នេះ មូលហេតុការបើកបរលើសល្បឿនកំណត់៣២% មិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្តាំ១៦% បត់៩% វ៉ាជែង១១% ស្រវឹង៤% កត្តាយានយន្ត៣% និងងងុយ១%។ ប្រៀបធៀបខែមិថុនា ឆ្នាំ២០១៩ គ្រោះថ្នាក់ថយចំនួន៦លើក (៣៣៦/៣៤២លើក) ស្មើ២% ស្លាប់ថយ២៤នាក់ (១៤១/១៦៥នាក់) ស្មើ១៥% និងរបួសកើន១០៣នាក់ (៥៩៨/៤៩៥នាក់) ស្មើ២១%។

ប៉ុន្ដែបើប្រៀបធៀបខែកក្កដា ឆ្នាំ២០១៨ គ្រោះថ្នាក់កើន ចំនួន៩៨លើក (៣៣៦/២៣៨លើក) ស្មើ៤១% ស្លាប់កើន ចំនួន១១នាក់ (១៤១/១៣០នាក់) ស្មើ៨% និងរបួសកើន ចំនួន២៣៧នាក់ (៥៩៨/៣៦១នាក់) ស្មើ៦៥%។

អគ្គស្នងការរងនគរបាលជាតិ បានកត់សម្គាល់ថា ក្នុងចំណោមអ្នកស្លាប់ ចំនួន១៤១នាក់ ភាគច្រើនជាអ្នកជិះម៉ូតូមាន ចំនួន១០៥នាក់ ស្មើ៧៤% (ប្រភេទ១២៥សេសេចុះក្រោម) ក្នុងនោះមិនពាក់មួកសុវត្ថិភាព មានចំនួន៧៩នាក់ ស្មើ៧៥%។ រថយន្តដឹកកម្មករ ជួបគ្រោះថ្នាក់ចរាចរណ៍ ចំនួន០២លើក នៅខេត្តស្វាយរៀង បណ្តាលឲ្យស្លាប់ចំនួន០២នាក់ និងរបួសចំនួន៥៨នាក់។

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានអះអាងបន្ថែមថា ចំពោះការរឹតបណ្ដឹងជំរុញការពាក់សុវត្ថិភាព ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះទៅ នគរបាលចរាចរណ៍ និងធ្វើការឃាត់ទោចក្រយានយន្តឲ្យរកមួកសុវតិ្ថភាពមកពាក់ និងធ្វើការពិន័យ ចំនួន១៥,០០០រៀល តាមអនុក្រឹត្យលេខ៤៤។

អគ្គស្នងការរងនគរបាលជាតិ បានសង្កត់ធ្ងន់ថា ដើម្បីអនុវត្តឲ្យបានសម្រេចតាមទិសដៅការងារ អនុគណៈកម្មការទី២ បានដាក់ចេញទិសដៅការងារសម្រាប់ ខែសីហា ឆ្នាំ២០១៩ ដូចជា៖

*ទី១៖ ពង្រឹងយន្តការដឹកនាំ និងគ្រប់គ្រងការងារសុវត្ថិភាពចរាចរណ៍ នៅគ្រប់ថ្នាក់ ពិសេសនៅថ្នាក់រាជធានី-ខេត្ត និងមូលដ្ឋានជំរុញអនុវត្តឲ្យបានសម្រេច តាមផែនការយុទ្ធសាស្ត្ររបស់ គ.ស.ច.គ បង្កើនការត្រួតពិនិត្យសភាពការណ៍ និងដាក់ចេញវិធានការថ្មីៗ ក្នុងការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ ឲ្យបានទាន់ពេលពិសេសចំពោះ អ្នកជិះម៉ូតូ រថយន្តដឹកកម្មករ អនុវត្តរបបប្រជុំត្រួតពិនិត្យការងារ និងរបបរាយការណ៍ទៀងទាត់ជាប់ជាប្រចាំ។

*ទី២៖ បន្តចូលរួមជំរុញការផ្សព្វផ្សាយអប់រំច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានទូលំទូលាយតាមគ្រប់រូបភាព ជ្រើសរើសខ្លឹមសារអប់រំ ស្របតាមសភាពការណ៍ជាក់ស្តែង និងចាំបាច់ដោយស៊ីជម្រៅលម្អិតតាមវ័យ និងតាមមុខសញ្ញារងគ្រោះ ពិសេសចំពោះអ្នកជិះទោចក្រយានយន្ត អ្នកបើកបររថយន្តដឹកកម្មករដឹកអ្នកដំណើរ និងទំនិញ តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន នៃការចុះផ្សព្វផ្សាយអប់រំដល់សាលារៀន រោងចក្រ សហគមន៍ ភូមិ ឃុំ ផ្កោតលើអ្នកជិះម៉ូតូ អ្នកបើកបររថយន្តដឹកកម្មករ អ្នកដែលបើកបររថយន្តធន់ស្រាល និងធ្ងន់៕