(ព្រះវិហារ)៖ ប្រជាពលរដ្ឋខ្មែរម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរចំនួន ៥នាក់ ត្រូវបានក្រុមទាហានថៃ បាញ់ឲ្យរបួសបាក់ជើង ខណៈដែលពួកគាត់ បានឆ្លងដែនខុសច្បាប់ ចូលក្នុងទឹកដីរកបេះផ្កាអ័រគីដេ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។

លោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានថ្លែងប្រាប់តាមទូរសព្ទឲ្យភ្នាក់ងារ Fresh News ដឹងនៅរសៀលថ្ងៃទី១៥ ខែសីហានេះថា មុនពេលកើតហេតុ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ប្រជាពលរដ្ឋចំនួន ៥នាក់ រស់នៅភូមិអូក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឆ្លងដែនចូលក្នុងទឹកដីថៃ តាមភ្នំច្រកដំណាក់ជ្រៃ ដើម្បីរកបេះផ្កាអ័រគីដេ និងខ្លះទៀតបេះផ្លែសម្រង ដើម្បីយកមកលក់ដោះស្រាយជីវភាព។ ប៉ុន្តែចៃដន្យអាក្រក់ បានជួបនឹងក្រុមទាហានថៃ ដែលកំពុងដើរល្បាត ត្រូវក្រុមទាហានថៃបាញ់រះមក បណ្តាលឲ្យរត់ចែកជើងគ្នា ត្រឡប់មកដីខ្មែរវិញ និងរងរបួសត្រូវជើងម្នាក់ផងដែរ។

លោកអធិការស្រុកបានបន្តថា ជនរងគ្រោះត្រូវទាហានថៃបាញ់មានឈ្មោះ ឈិន ឡាង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅនៅភូមិឃុំខាងលើ គឺបាញ់ត្រូវកជើងខាងស្តាំ ត្រូវបានក្រុមក្រុមគ្រួសារបញ្ជូន ទៅធ្វើការសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារហើយ។

ជាមួយគ្នានោះដែរ លោកអធិការស្រុក បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលរស់នៅជាប់ព្រំដែន ត្រូវបញ្ឈប់ការឆ្លងដែន ដោយខុសច្បាប់តទៅទៀត។ លោកថា ជាទូទៅការឆ្លងដែនខុសច្បាប់ របស់ប្រជាពលរដ្ឋខ្មែរ មិនដែលទទួលបានលទ្ធផលល្អទេ អ្នកខ្លះត្រូវជាន់មីនបណ្តាលឲ្យស្លាប់ និងរបួស ខ្លះត្រូវទាហានថៃចាប់ដាក់គុក រាប់ខែឆ្នាំនៅស្រុកគេ និងខ្លះទៀត ត្រូវទាហានថៃបាញ់បណ្តាលឲ្យរបួសពិការទៀតផង៕