(កំពង់ធំ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ បានប្រារព្ធសន្និបាទសាខា អាណត្តិទី៥ (២០១៩-២០២៥) ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងអញ្ជើញចូលរួមពីលោក ឈុន ឈន់ ប្រធានកិត្តិយសសាខា លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាអាណត្តិទី៤ និងជាប្រធានអង្គសន្និបាត ព្រមទាំង គណៈកិត្តិយស សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជាជិត ៣០០នាក់។

ក្នុងអង្គសន្និបាតអាណត្តិទី៥ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់តាំងលោក ឈុន ឈន់ ជាប្រធានកិត្តិយសសាខា និងអនុប្រធានកិត្តិយសសាខា សរុបចំនួន ៦៨រូប ក្នុងគោលបំណងសំខាន់នៃសន្និបាតរួមមាន៖

*ទី១៖ ស្តាប់ និងកែសម្រួល និងអនុម័តរបាយការណ៍សកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុ ក្នុងអាណត្តិទី៤ និងផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៥)
*ទី២៖ បោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការសាខាអាណត្តិទី៥
*៣៖ ប្រកាសសេចក្ដីសម្រេចតែងតាំង ប្រធាន អនុប្រធានកិត្តិយសសាខា។

ក្នុងឱកាសសន្និបាតសាខា បានបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការសាខា អាណត្តិទី៥ ដែលមានសមាសភាព១៥រូប។

ក្នុងនោះ អង្គសន្និបាតអាណត្តិទី៥ បានបោះឆ្នោតជ្រើសរើស លោក សុខ លូ ជាប្រធានគណៈកម្មាធិការសាខា លោកស្រី លំ គន្ធារី និងលោក កើត រ័ត្ន ជាអនុប្រធានគណៈកម្មាធិការសាខា លោក គឹម លាងសេង ហេរញ្ញិកគណៈកម្មាធិការសាខា និង លោក ជា វាន់ចាន់ ជាលេខាធិការគណៈកម្មាធិការសាខា។ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តខេត្តកំពង់ធំ អាណត្តិទី៥ លោក សុខ លូ បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ រួមមាន៖

* កាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម មាន៖ ភាពមនុស្សធម៌, ភាពមិនលំអៀង, អព្យាក្រឹតភាព, ឯករាជភាព, សេវាកម្មស្ម័គ្រចិត្ត, ឯកភាព និងសកលភាព។
* យកចិត្តទុកដាក់ប្រតិបត្តិតាមគោលការណ៍ណែនាំ របស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចមនុស្សធម៌បានជោគជ័យ ។
* រក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា និងឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈម ដោយស្មាតីទទួលខុសត្រូវខ្ពស់។
* ដឹកនាំតម្រង់ទិស ក្រុមប្រតិបត្តិសាខាឲ្យអនុវត្តបានល្អនូវភារកិច្ច ស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា

ដែលក្នុងនោះ មានវិស័យស្នូលមួយចំនួនរួមមាន៖

* ការគ្រប់គ្រងគ្រោះមហន្តរាយ, សុខភាព និងការថែទាំសុខភាព សហគមន៍, លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា
* អភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន បង្កើនគំនិតក្នុងការកៀរគររកមូលនិធិពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើការមនុស្សធម៌របស់សាខា និងយកចិត្តទុកដាក់ណែនាំអនុសាខា ឱ្យបំពេញភារកិច្ចមនុស្សធម៌ឱ្យបានល្អ ស្របតាមវិស័យស្នូលទាំង៤ នៃយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា។
* យកចិត្តទុកដាក់បន្តការងារពង្រីកអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជានៅមូលដ្ឋាន និងពង្រឹងសកម្មភាពអប់រំសុខភាពសហគមន៍។
* យកចិត្តទុកដាក់ពង្រីក និងពង្រឹងសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា នៅគ្រឹះស្ថានសិក្សា ជាគំរូក្នុងការងារមនុស្សធម៌ ក្នុងគ្រឹះស្ថានសិក្សា និងសង្គម៕