(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីភាព ក្នុង វេទិកាជាតិ អន្តរសាសនា លើកទី៣ «ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងទាសភាពសម័យទំនើប»។ ពិធីនេះត្រូវបានធ្វើឡើង នៅមជ្ឈមណ្ឌល និងពិពណ៌កោះពេជ្រ។

វេទិកាជាតិអន្ដរសាសនានេះ រៀបចំដោយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, ក្រសួងធម្មការ និងសាសនា និងអង្គការការីតាសកម្ពុជា ដោយមានការចូលរួមគាំទ្រពីថ្នាក់ដឹកនាំសាសនារួមមាន ព្រះពុទ្ធសាសនា ឥស្លាមសាសនា កាតូលិក និង គ្រឹស្ទបរិស័ទដំណឹងល្អ និងអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។

ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា បានលើកឡើងថា ដើម្បីចូលរួមចំណែកបន្ត ក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សវេទិការ អន្តរសាសនាថ្នាក់ជាតិលើកទី៣នេះ គឺរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន៣រួមមាន៖

*ទី១៖ ដើម្បីផ្សព្វផ្សាយ បង្កើនការយល់ដឹង នៃអំពើជួញដូរមនុស្ស និងតួនាទីសំខាន់ៗ របស់ថ្នាក់ដឹកនាំសាសនាទាំងឡាយ ក្នុងការអប់រំប្រជាជន ក្នុងការការពារ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលុបបំបាត់ទាសភាពសម័យទំនើប។

*ទី២៖ ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នពាក់ព័ន្ធ ជាពិសេសស្ថាប័នសាសនា ក្នុងការងារអប់រំផ្សព្វផ្សាយអំពើជួញដូរមនុស្ស និងទាសភាពសម័យទំនើបនៅតាមវត្តអារាម ព្រះវិហារ និងតាមពិធីសាសនានានា។

*ទី៣៖ ដើម្បីឲ្យសំឡេង នៃការសូត្រធម៌អធិដ្ឋាននេះ ផ្តល់នូវក្តីសង្ឃឹមដល់ជនរងគ្រោះ អ្នកដែលរងទុក្ខដោយសារអំពើជួញដូរមនុស្ស និងសូមឲ្យពួកគាត់ឆាប់បានទទួលនូវសេរីភាពឡើងវិញ។

ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម បានគូសបញ្ជាក់ទៀតថា វេទិកាអន្តរសាសនា ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺមិនត្រឹមតែជាវេទិកាគំរូថ្នាក់ជាតិមួយប៉ុណ្ណោះទេ គឺសម្រាប់ថ្នាក់តំបន់ និងពិភពលោកទាំងមូល។ វេទិកានេះ គឺជាសក្ខីភាពមួយ បង្ហាញអំពីភាពសុខដុមរមនា នៃសាសនាទាំងឡាយនៅប្រទេសកម្ពុជា។

មិនត្រឹមតែប៉ុណ្ណោះ វេទិកានេះបញ្ជាក់ពីការប្តេជ្ញាចិត្ត និងការចាប់ផ្តើមអនុវត្តន៍រួមគ្នាមួយរវាងសាសនាធំទាំងអស់ លើទស្សនៈវិស័យតែមួយ គឺប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ការលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្ស ការកសាងសន្តិភាព និងសុខុមរមនារបស់មនុស្សក្នុងសង្គមជាតិកម្ពុជាទាំងមូល។

តាមរបាយការណ៍របស់លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រាជរដ្ឋាភិបាល បានប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប សង្គ្រោះ ផ្តន្ទាទោស និងការពារជនរងគ្រោះ យ៉ាងសកម្ម។

ដោយឡែក ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៥នេះ ការអប់រំផ្សព្វផ្សាយ និងសកម្មភាពបង្ការទប់ស្កាត់ ត្រូវបានយកចិត្តទុកដាក់ និងធ្វើឡើងតាមគ្រប់រូបភាព ទាំងកិច្ចការពារផ្លូវច្បាប់ ការអប់រំផ្សព្វផ្សាយដោយផ្ទាល់ដោយប្រយោល តាមប្រព័ន្ធព័ត៌មាននានា ឲ្យបានដល់មនុស្ស រាប់លាននាក់ ជាក់ស្តែងវេទិកាអន្តរសាសនាថ្នាក់ជាតិ នាពេលនេះ ក៏ជាមធ្យោបាយមួយ ដើម្បីរួមចំណែកដល់ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងទាសភាពសម័យទំនើបផងដែរ។

បើតាមលោកស្រី ជូ ប៊ុនអេង ក្រសួង ស្ថាប័ន អង្គភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានធ្វើការបង្ការ ទប់ស្កាត់តាមជំនាញរៀងៗខ្លួន ដើម្បីគ្រប់គ្រងស្ថានភាពមិនឲ្យធ្លាក់ចូលក្នុងភាពរងគ្រោះ ដោយបទល្មើសជួញដូរមនុស្ស។

ចំពោះការងារបង្ក្រាប សមត្ថកិច្ចនគរបាលយុត្តិធម៌ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឈានដល់ការបង្ក្រាប សរុបបាន៧៨ករណី បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ មាន៦២ករណី (គឺកើនឡើង ១៦ករណី ស្មើនឹង២៥%) ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន ៩៧នាក់/៨៥នាក់ (កើន១២នាក់ ស្មើនឹង១៤%) ក្នុងនោះស្រី២២នាក់ អនីតិជន០៩នាក់ ជាជនបរទេស ១៨នាក់ (សញ្ជាតិចិន ១២នាក់ និងអាមេរិក ០២នាក់)៕