(ភ្នំពេញ)៖ ក្រោយការខិតខំប្រឹងប្រែងរៀនសូត្រ អស់រយៈពេលជាច្រើនឆ្នាំ និស្សិតចំនួន២៣៥នាក់ បានបញ្ចប់ការសិក្សាយ៉ាងជោគជ័យ និងបានទទួលសញ្ញាបត្រពីសាកលវិទ្យាល័យខេមរៈ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។

កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ នៅក្នុងចំណោមនិស្សិតទាំង២៣៥នាក់ មាននារី១២២នាក់ និងព្រះសង្ឃចំនួន៣អង្គ។ និស្សិតដែលបានទទួលសញ្ញាបត្រ និងបញ្ចប់ការសិក្សាបានយ៉ាងជោគជ័យនេះរួមមាន ជ័យលាភីថ្នាក់បណ្ឌិត អនុបណ្ឌិត និងបរិញ្ញាបត្រ។

សាកលវិទ្យាល័យខេមរៈ គឺជាសាកលវិទ្យាល័យមួយ ដែលមានបទពិសោធន៍​ ក្នុងការបង្រៀនអស់រយៈពេល១៥ឆ្នាំកន្លងមកហើយ។ ក្នុងនាមជាសាកលវិទ្យាល័យមួយ ដែលបទពិសោធន៍ខ្ពស់ក្នុងការបង្រៀន សាកលវិទ្យាល័យខេមរៈ ក៏មានកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរបទពិសោធន៍ជាមួយដៃគូជាតិ និងអន្តរជាតិ អភិវឌ្ឍន៍វិស័យអប់រំសំខាន់ៗដូចជា រាជបណ្ឌិត្យសភាកម្ពុជា វិទ្យាស្ថានខុងជឺ គ្រឹះស្ថានឯកជន HNN WORLD Corporation Co.,LTd សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា Cambodia Microfinance Association កិច្ចព្រមព្រៀងការផ្ដល់ការងារដល់និស្សិតក្រីក្រជាមួយ MPA, Transparency International Cambodia on integrity Education Network ព្រមជាមួយ YUNNAN NORMAL UNIVERSITY (CHINA)ជាដើម។

ជាមួយគ្នានេះ សាកលវិទ្យាល័យខេមរៈ ក៏តែងតែអញ្ជើញវាគ្មិនល្បីៗជាតិ និងអន្តរជាតិ មកធ្វើបទបង្ហាញ ដើម្បីចែករំលែកបទពិសោធន៍ដល់និស្សិតគ្រប់ៗជំនាន់ ក្នុងពេលកំពុងសិក្សា ហើយបានផ្ដល់ឱកាសឲ្យនិស្សិតចុះធ្វើកម្មសិក្សា ក្នុងការផ្សារភ្ជាប់រវាងទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែង ដែលជាទុនដ៏សំខាន់ក្នុងការសរសេរសារណា និងនិក្ខេបបទបញ្ចប់ការសិក្សា។

អ្វីដែលសាកលវិទ្យាល័យខេមរៈ បាននិងកំពុងធ្វើនេះ គឺស្របទៅនឹងការលើកឡើងរបស់លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលបានលើកឡើង នៅក្នុងពិធីទទួលសញ្ញាបត្ររបស់និស្សិតជ័យលាភីរបស់សាកលវិទ្យាល័យខេមរៈ។ ដោយលោកបណ្ឌិតសភាចារ្យបានលើកឡើងថា «ចំណេះដឹងតែមួយមុខគត់ ពិតជាមិនទាន់គ្រប់គ្រាន់ឡើយ ដូច្នេះនិស្សិតជ័យលាភីទាំងអស់ត្រូវខិតខំតស៊ូប្រឹងប្រែង ត្រូវមានគំនិតច្នៃប្រឌិត ស្មារតីទទួលខុសត្រូវ វិន័យការងារ សីលធម៌រស់នៅល្អ និងភាពជាម្ចាស់ការ ទើបយើងអាចទទួលបានជោគជ័យក្នុងអាជីពរបស់ខ្លួន។ ចំណេះដឹង និង ជំនាញបច្ចេកទេស ដែលក្មួយៗទទួលបាននឹងក្លាយជាដើមទុនមួយ សម្រាប់ការ វិនិយោគនាពេលអនាគត។ ក្មួយៗធ្វើយ៉ាងណាត្រូវចេះប្រើប្រាស់ដើមទុនដ៏មានតម្លៃនេះ ឱ្យបានត្រឹមត្រូវប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ វិចារណញ្ញាណ និងគោរពសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន ដើម្បីផ្តល់ផលប្រយោជន៍ដល់ខ្លួនឯង និងដល់សង្គមជាតិទាំងមូល»

សាកលវិទ្យាល័យខេមរៈក្រៅពីអបអរសាទរដល់និស្សិតជ័យលាភីដែលបានបញ្ចប់ការសិក្សារបានយ៉ាងជោគជ័យនោះ នៅក្នុងឆ្នាំសិក្សា២០១៩-២០២០នេះ សាកលវិទ្យាល័យខេមរៈក៏សម្រេចផ្ដល់ជូនអាហារូបករណ៍ដោយស្វ័យប្រវត្តិ៥០% រយៈពេល២ឆ្នាំ ជូនដល់សិស្សានុសិស្សទាំងឡាយដែលបានមកចុះឈ្មោះចូលរៀន ១១៧នាក់ដំបូង សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន២ឆ្នាំ។

ចំណែកឯអាហារូបករណ៍សម្រាប់សិស្សានុសិស្សដែលប្រឡងសញ្ញាបត្រទុតិយភូមិនៅឆ្នាំសិក្សា ២០១៨-២០១៩នេះ សិស្សនិទេសA និង B សាកលវិទ្យាល័យខេមរៈនឹងផ្ដល់ជូនអាហារូបករណ៍ ១០០% រយៈពេល២ក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រ។ រីឯសិស្សានុសិស្សដែលទទួលបាននិទេស C និង D សាកលវិទ្យាល័យខេមរៈនឹងផ្ដល់ជូនអាហារូបករណ៍៧០% រយៈពេល២ក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រ និងសិស្សដែលទទួលបាននិទេសE សាកលវិទ្យាល័យខេមរៈនឹងផ្ដល់ជូនអាហារូបករណ៍ ៥០% រយៈពេល២ក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រ។

សាកលវិទ្យាល័យខេមរៈ មាន៧មហាវិទ្យាល័យ និងថ្នាក់បណ្ដុះបណ្ដាលចំនួន១ ដែលក្នុងនោះរួមមាន៖ មហាវិទ្យាល័យវិទ្យាសាស្រ្តអប់រំ, មហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច, មហាវិទ្យាល័យវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ, មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍, មហាវិទ្យាល័យមនុស្សសាស្រ្ត សិល្បៈ និងភាសាវិទ្យា, មហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម និងអភិវឌ្ឍន៍ជនបទ, មហាវិទ្យាផ័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងព័ត៌មានវិទ្យា, ព្រមជាមួយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្រាវជ្រាវ៕