(តាកែវ)៖ លោកឧត្តមសេនីយ៍ទោ សុខ សំណាង នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យកងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ពីសកម្មភាពហ្វឹកហាត់ នៅទីលានជាក់ស្តែង ក្នុងស្រុកទិនបៀង ខេត្តអានយ៉ាង ប្រទេសវៀតណាម ដើម្បីត្រៀមយាមល្បាតសមយុទ្ធចម្រុះប្រឆាំងបទល្មើសគ្រឿងញៀន ជាមួយកងទ័ពការពារព្រំដែនខេត្តអានយ៉ាង នាពេលខាងមុខ។

នៅចំពោះមុខកងកម្លាំងខាងលើនេះ លោកឧត្តមសេនីយ៍ទោស្នងការ បានណែនាំឲ្យខិតខំប្រឹងប្រែង លើការហ្វឹកហាត់ ដើម្បីចូលរួមសមយុទ្ធជាមួយភាគីវៀតណាម នាពេលខាងមុខ សម្រេដោយជោគជ័យ។

កាលពីពេលកន្លងទៅនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែអនុវត្តន៍៤ចំណុចឱ្យបានខ្ចប់ខ្ជួនដូចជា៖

*ទី១៖ បញ្ចប់ទាំងស្រុងនៅដំណាច់ឆ្នាំ២០១៩ រាល់បទល្មើសគ្រឿងញៀនតាមបណ្តាក្លឹបកំសាន្ត និងសប្បាយដ្ឋាននានា
*ទី២៖ ត្រូវរឹបអូស និងរឹតបន្តឹងការត្រួតពិនិត្យដើម្បីទប់ស្កាត់បង្ក្រាប លំហូរគ្រឿងញៀនចូលមកកម្ពុជា
*ទី៣៖ ខិតខំស្រាវជ្រាវបង្ក្រាបរាល់ទីតាំងលួចលាក់ កែច្នៃគ្រឿងញៀន
*ទី៤៖ មិនត្រូវការពារ មិនត្រូវពាក់ព័ន្ធ មិនត្រូវអត់អោន ឬអន្តរាគមន៍ចំពោះរាល់ បទល្មើសគ្រឿងញៀន។

សូមបញ្ជាក់ថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០១៩នេះ កម្លាំងនគបាលបានធ្វើការបង្រ្កាបករណីគ្រឿងញៀនលើខេត្ត៣ រួមមាន៖ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី បានចំនួន៨៦ករណី ឃាត់ខ្លួនមនុស្ស១៧០នាក់ ស្រី២៣នាក់ ចាប់យកគ្រឿងញៀន ៩,២៧៤ក្រាម ក្នុងនោះខេត្តព្រះវិហារ ៣១ករណី ឃាត់ខ្លួនមនុស្ស៦៧នាក់ ស្រី៤នាក់ ចាប់បានគ្រឿងញៀន ១១៨ក្រាម៕