(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ជំនួយឥតសំណង ឥណទានសម្បទានដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន គឺពិតជាជំនួយដ៏មានអត្ថប្រយោជន៍ដ៏ធំធេង ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេច បានអនុញ្ញាតឱ្យលោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។

នៅក្នុងឱកាសនោះ លោក Hidehisa HORINOUCHI បានថ្លែងអំណរគុណចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ បានអនុញ្ញាតឱ្យលោក ចូលជួបសម្តែងការគួរសម និងជម្រាបលានាពេលនេះ។ លោកឯកអគ្គរដ្ឋទូត បានកត់សម្គាល់ថា ក្នុងអំឡុងពេលបេសកកម្មការទូតរបស់លោកនៅកម្ពុជាបានទទួលជោគជ័យ ក៏ដោយសារតែមានការគាំទ្រពីព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នជាតិ ដែលជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន មានការរីកចម្រើន។

លោក Hidehisa HORINOUCHI ក៏បានសម្ដែងនូវសេចក្ដីរីករាយជាខ្លាំង ដោយឃើញថា សេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ក្នុងនោះមានកំណើនយ៉ាងខ្លាំងលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកបានបញ្ជាក់ថា ទោះបីជាលោកត្រូវទទួលតួនាទីថ្មី ជាឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហូឡង់ក៏ដោយ ក៏លោកនៅតែបន្តគាំទ្រទាំងស្មារតី និងទំនាក់ទំនងល្អ ជាមួយនឹងប្រទេសកម្ពុជាដដែល។

ក្នុងនាមព្រឹទ្ធសភានៃកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យនៃបេសកកម្មការទូត របស់លោកឯកអគ្គរដ្ឋទូតជប៉ុននៅកម្ពុជា ដែលបានរួមចំណែកពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ឱ្យទទួលបានផលប្រយោជន៍ដ៏ធំធេង ទៅវិញទៅមក។

សម្តេចប្រធានព្រឹទ្ធសភា ក៏បានកត់សម្គាល់ឃើញថា លោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានបំពេញភារកិច្ចយ៉ាងល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អជាមួយនឹងថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ និងជាមួយនឹងក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង ជាពិសេសជាមួយនឹងប្រជាជនកម្ពុជា។ ក្នុងអាណត្តិរបស់លោកទូត កម្ពុជាទទួលបានសមិទ្ធផលជាច្រើនដូចជា ជំនួយឥតសំណង កម្ចីសម្បទាន និងជំនួយបច្ចេកទេស ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុន។

ទន្ទឹមនឹងនេះ លោកទូតក៏បានជំរុញឱ្យមានកំណើនវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ព្រមទាំងជំរុញឱ្យមានការផ្លាស់ប្តូរ វប្បធម៌ សិល្បៈ កីឡា អប់រំ ជាពិសេសការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូររវាងយុវជន និងយុវជនដ៏ទូលំទូលាយ។ សម្តេចប្រធានព្រឹទ្ធសភា ក៏បានសម្តែងនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់បំផុតចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។ ទំនាក់ទំនងល្អនេះស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងមន្រ្តីជាន់ខ្ពស់គ្រប់កម្រិតជាញឹកញាប់។

សម្តេចប្រធានព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះជំនួយឥតសំណង ឥណទានសម្បទានដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន។ ជំនួយជប៉ុនមានអត្ថប្រយោជន៍ដ៏ធំធេង ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ទន្ទឹមគ្នានេះសម្តេចក៏បានអរគុណ ចំពោះជំនួយគាំទ្រដល់ដំណើរការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា និងជំនួយសម្រាប់សាលាក្តីខ្មែរក្រហមផងដែរ។

សម្តេចប្រធានព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលោកទូតជប៉ុន ដែលបានធ្វើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយនឹងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយសម្តេចនឹងត្រៀមខ្លួនជានិច្ច បន្តធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទជាមួយនឹងឯកអគ្គរដ្ឋទូតជប៉ុនថ្មី និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ។ សម្តេចប្រធានព្រឹទ្ធសភា បានប្រសិទ្ធពរជូនលោក Hidehisa HORINOUCHI សូមមានសុខភាពល្អបរិបូណ៌ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕