(សៀមរាប)៖ ក្រុមហ៊ុន វីតាល់ បានបន្តឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧបត្ថម្ភអង្ករចំនួន ១០តោន ក្នុងមួយឆ្នាំៗ រយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។

កម្មវិធីចុះកិច្ចព្រមពៀងឧបត្ថម្ភនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ សីហា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យកុមារអង្គរក្រុងសៀមរាប ខេត្តសៀមរាប ដោយមានវត្តមានចូលរួមពីតំណាងក្រុមហ៊ុន វីតាល និង អ្នកតំណាងឲ្យមន្ទីរពេទ្យកុមារអង្គរជាច្រើននាក់ផងដែរ។

លោក ទេព ណាវី នាយកប្រត្តិបត្តិការ នៃមន្ទីពេទ្យកុមារអង្គរ បានស្ញើចសរសើរដល់ក្រុមហ៊ុន វីតាល់ ដែលជាក្រុមហ៊ុនជាតិគំរូ ផ្តោតសំខាន់នឹងយកចិត្តទុកដាក់ដល់កម្មវិធីមនុស្សធម៌ ជាពិសេស គឺការផ្តល់ជំនួយជំរុញដល់ការអភិវឌ្ឍប្រទេសកម្ពុជា។

ការចុះហត្ថលេខានេះ បានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់នឹងលើកទឹកចិត្តដល់មន្ទីរពេទ្យ និងក្រុមការងារឲ្យកាន់តែមានទឹកចិត្តបម្រើសេវាកម្មពិនិត្យព្យាបាលកាន់តែល្អប្រសើរដល់កុមារកម្ពុជា។

លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុនវីតាល់ បានថ្លែងថា ក្រុមហ៊ុនវីតាល់ គឺជាក្រុមហ៊ុនដែលយកចិត្តទុកដាក់លើសកម្មភាពភាពមនុស្សធម៌ ក្រុមការងារយើងយល់ដឹងពី គុណតម្លៃ នៃមន្ទីរពេទ្យកុមារអង្គរ ដែលបានធ្វើការយ៉ាងសកម្មជួយសង្គ្រោះជីវិតកុមារកម្ពុជា ក្នុងមួយថ្ងៃៗរាប់រយរាបពាន់នាក់។ ដូច្នេះហើយទើប ក្រុមហ៊ុនទឹកសុទ្ធវីតាល់តែងតែផ្តល់ជំនួយ ដល់មន្ទីរពេទ្យកុមារអង្គរ អស់រយៈពេលជាង ៣ឆ្នាំមកហើយ ដោយបានផ្តល់ជាអំណោយអង្ករ១០តោនៗ និងផលិតផលវីតាល់នៅឆ្នាំ២០១៦កន្លងមក។

ជាមួយគ្នានោះ ថវិការជិត ១ម៉ឺនដុល្លារ ទទួលបានមកពីគម្រោង «អ្នកជាវីរបុរស» ដែលបានបិទបញ្ចប់កាលពីខែឧសភា ឆ្នាំ២០១៩កន្លងទៅនោះ។

ជាងនេះទៅទៀត វីតាល់ ក៏បានបន្តគាំទ្រក្នុងការចុះកិច្ចព្រមព្រៀងឧបត្ថម្ភជាអង្ករចំនួន ១០តោន ក្នុងមួយឆ្នាំៗ រយៈពេលរហូតដល់ទៅ៣ឆ្នាំឯណោះ ចាប់ផ្តើមពីឆ្នាំ២០១៩នេះ ដល់ឆ្នាំ២០២១ ជាដើម។ ជាមួយនឹងមូលនិធិ២៥៛ របស់វីតាល់ យើងនឹងបន្តពង្រឹងវិសាលភាពនៃសកម្មភាពមនុស្សធម៌ជាច្រើនរូបភាពបន្ថែមទៀតដើម្បីអតិថិជន សង្គមនិងការអភិវឌ្ឍជានិរន្តរភាព សម្រាប់ទៅថ្ងៃអនាគត៕