(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានផ្សព្វផ្សាយអំពីការបង្កាទប់ស្តាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន នៅច្រកទ្វារអន្តរជាតិម៉ឺនជ័យកម្ពុជា វៀតណាម ស្ថិតនៅក្នុងស្រុកកំចាយមារ។ ពិធីនេះ បានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ដែលមានការចូលរួមលោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង និង កងកម្លាំងទាំងបីប្រភេទ, ប្រជាពលរដ្ឋ ចំនួន១៨០នាក់។

លោកវរសេនីយ៍ទោ ពៅជីវន្ត ប្រធានការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានលើកឡើងថា ផ្ដើមចេញពីការអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ត្រូវបានយកចិត្តទុកដាក់ជាអាទិភាពខ្ពស់ ជាពិសេសគណៈបញ្ជាការឯកភាពខេត្តស្រុក បានសហការគ្នាការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ បានល្អប្រសើរទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា នូវអំពើចោរកម្មលួចឆក់ប្លន់ល្បែងស៊ីសងគ្រប់ប្រភេទ និងក្មេងទំនើងនិងគ្រឿងញៀន ដែលធ្វើឲ្យបទល្មើសនេះ បានថយចុះជាបន្តបន្ទាប់។

លោកថា ជាក់ស្ដែងនៅក្នុងរយៈពេល៧ ខែក្នុងឆ្នាំ២០១៩ នេះ ករណីជួញដូរគ្រឿងញៀនបានបង្ក្រាបបាន៦លើក ក្នុងនោះមាន ,ឃាត់ខ្លួនជនសង្ស័យបានចំនួន១១នាក់, ចាប់យកវត្ថុតាងម្សៅពណ៌ស ចំនួន ១៣កញ្ចប់តូច, ម៉ូតូចំនួន៥គ្រឿង, ទូរស័ព្ទដៃចំនួន១០គ្រឿង, ប្រដាប់ជក់គ្រឿងញៀនចំនួន៣, ដេកកេះចំនួន៣។ លោកនឹងជំរុញ អនុវត្តទប់ស្កាត់ និង បង្ក្រាបបទល្មើសគ្រឿងញៀននេះ ឲ្យអស់លទ្ធភាពតាមគ្រប់រូបភាព។

លោក ឌុច គន្ធា អភិបាលរងខេត្ត បាន កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងប្រដាប់អាវុធ មានសមត្ថកិច្ចទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើការអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់រាល់បទល្មើសទាំងឡាយ ដែលកើតមានឡើងនៅក្នុងស្រុកភូមិនីមួយៗ ជូនបងប្អូនប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសបញ្ហាគ្រឿងញៀន ដែលកំពុងតែប្រឈមខ្លាំង នៅក្នុងប្រទេសកម្ពុជា។

លោក ឌុច គន្ធា ក៏បានណែនាំដល់មន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន និងស្នងការដ្ឋាននគរបាលខេត្ត ជាប់ព្រំដែនកម្ពុជា វៀតណាម ទាំងអស់ ត្រូវបង្កើននូវយន្តការប្រឆាំងបញ្ជាអចិន្រ្តៃយ៍ ដើម្បីក្តាប់សភាពការណ៍ ប្រមូលព័ត៌មាន និងដាក់ចេញនូវវិធានការបញ្ជាដឹកនាំបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យបានទាន់ពេលវេលា ប្រមូលចងក្រង គ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពជាប់ជាប្រចាំ រាល់មុខសញ្ញាល្មើសគ្រប់ប្រភេទ ក្នុងនោះ មុខសញ្ញាបទល្មើសគ្រឿងញៀនតំបន់ព្រំដែនកម្ពុជា វៀតណាម ត្រូវធ្វើការបែងចែកការគ្រប់គ្រង ទទួលខុសត្រូវច្បាស់លាស់ និងត្រូវគ្រប់គ្រងឲ្យបាននូវរាល់សកម្មភាពប្រែប្រួលរបស់មុខសញ្ញា។ ត្រូវទំនាក់ទំនងហេតុការណ៍ ជាមួយសមភាពពីវៀតណាម ដើម្បីផ្លាស់ប្ដូរព័ត៌មាន និងសហការចាត់វិធានការ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ឲ្យទាន់ពេលវេលា។

សូមបញ្ជាក់ផងដែរថា យុទ្ធនាការផ្សព្វផ្សាយ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន តាមបណ្ដាព្រំដែនកម្ពុជា វៀតណាម នៃខេត្តព្រៃវែងនេះ គឺដើម្បីបញ្ជ្រាប ដល់បងប្អូនប្រជាពលរដ្ឋ ដែលនៅជាប់នឹង ព្រំដែនកម្ពុជា វៀតណាម ឲ្យយល់ដឹងអំពីបញ្ហានៃគ្រឿងញៀន និងផ្សព្វផ្សាយបន្តដល់កូនចៅ ដែលជាទំពាំងស្នងឬស្សី ឲ្យនៅឆ្ងាយពីបញ្ហាគ្រឿងញៀន។ គ្រឿងញៀននេះ អាចធ្វើឲ្យខូចសុខភាព បាត់បង់អនាគត នឹងឈានទៅដល់ការប្រើប្រាស់នូវអំពើហិង្សា ទៅដល់គ្រួសារនោះផងដែរ និងរួមគ្នាដើម្បីទប់ស្កាត់មិនឲ្យមានការកើតឡើង និងហូរចូលនូវសារធាតុញៀនគ្រឿងញៀននៅក្នុងប្រទេស កម្ពុជា ឡើយ៕