(រតនគីរី)៖ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានដឹកនាំប្រតិភូ និងក្រុមគ្រូពេទ្យ អញ្ជើញចុះទៅពិនិត្យព្យាបាលជំងឺ និងផ្ដល់សម្ភារផ្សេងៗដោយផ្ទាល់ ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកលំផាត់ និងស្រុកកូនមុំ ខេត្ដរតនគីរី ដោយឥតគិតថ្លៃ។

ក្នុងឱកាសអញ្ជើញចុះទៅពិនិត្យព្យាបាលជំងឺនេះ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានអប់រំសុខភាព ដើម្បីចៀសផុតពីជំងឺផ្សេងៗនិងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ ដោយសារពស់ចឹក ឬសត្វអសិរពិសផ្សេងៗ ដោយពិនិត្យឱ្យបានត្រឹមត្រូវ មុនទៅកាន់ទីទួលសុវត្ថិភាព ឬមុនទៅធ្វើការជិតគំនរអុស និងគំនរឈើ។

ជាពិសេស ពេលធ្វើដំណើរពេលយប់ ឬពេលធ្វើការងារត្រូវស្លៀកខោជើង និងពាក់ស្បែកជើងកវែង ជៀសវាងកន្លែងដែលមានស្មៅស៊ុបទ្រប់ និងដាច់ខាតមិនត្រូវយកដៃទៅចាប់ពស់បួសភ្នំអសិរពិស ក្នុងករណីមានសមាជិកគ្រួសារ ឬនរណាម្នាក់មានគ្រោះថ្នាក់ ដោយសារពស់ចឹក ឬសត្វអសិរពិសទិច ឬខាំត្រូវបញ្ជូនញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលការពិនិត្យ និងព្យាបាល។

សូមជម្រាបថា នៅថ្ងៃទី១០សីហា ម្សិលមិញនេះ ដើម្បីសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ឱ្យទាន់ពេលវេលា នៅខេត្ដរតនគីរី និងព្រះសីហនុ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានចាត់ឱ្យមន្ដ្រីក្រុមការងារ នាំយកនូវសម្ភារ បរិក្ខារពេទ្យនាំយកនូវ ឱសថ ១៥មុខ, សេរ៉ូម ៣មុខ, សេរ៉ូម ប្រឆាំងពិសពស់ ១មុខ, បរិក្ខារ ៥មុខ, មុងជ្រលក់ថ្នាំ ចំនួន ១,៥០០មុង សរុបចំនួន ១,១៥៥គីឡូក្រាម។ រួមទាំងមុងជ្រលក់ថ្នាំជិត២ពាន់មុង ទៅកាន់ខេត្ដទាំងពីរខាងលើនេះភ្លាមៗផងដែរ។

សូមជម្រាបថា គ្រោះធម្មជាតិ ដែលបណ្ដាលមកពីទឹកភ្លៀង បានវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅខេត្តព្រះសីហនុ និងខេត្ដរតនគីរី ទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានជួយជម្លៀសប្រជាពលរដ្ឋ ចាកចេញពីលំនៅឋានរបស់ពួកគាត់ ឆ្ពោះទៅកាន់ទីទួលមានសុវត្ថិភាពដែលនៅក្បែរនោះ តែរហូតមកដល់ថ្ងៃនេះ ទឹកជំនន់ដោយទឹកភ្លៀងនេះ បានស្រកចុះជាបណ្តើរៗហើយ៕