(ភ្នំពេញ)៖ បុរសម្នាក់បានយកឈ្មោះថ្នាក់ដឹកនាំ ទៅដើរបោកប្រាស់គេប្រជាពលរដ្ឋ ដើម្បីរត់ការចូលបម្រើការនៅតាមក្រសួងមួយចំនួន យកអស់ប្រាក់ប្រមាណ ៣៧ម៉ឺនដុល្លារអាមេរិក ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តាមស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួន នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែននគរបាលយុត្តិធម៌ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

លោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត ដែលដឹកនាំប្រតិបត្តិការនេះផ្ទាល់ បានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ សេក សុខជា បានប្រើល្បិចបោកប្រាស់ប្រជាពលរដ្ឋថា ខ្លួនស្គាល់អ្នកធំនៅតាមក្រសួង ហើយលួងលោមឲ្យជនរងគ្រោះទុកចិត្ត ទើបជនរងគ្រោះបានប្រគល់លុយ ឲ្យជាបន្ដបន្ទាប់ ប្រមាណ៣៧៨,៥០០ដុល្លារ។ បន្ទាប់ពីបានទទួលលុយរួចមក ជនសង្ស័យឈ្មោះ សេក សុខជា មិនបានរត់ការអ្វីនោះទេ ហើយថែមទាំងភូតកុហកជនរងគ្រោះដើម្បីគេចវេស។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី៕

ជនរងគ្រោះ