(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជើងព្រៃ បានថ្លែងថា តួនាទីរបស់គ្រូបង្រៀន គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះអ្វីដែលធ្វើឱ្យប្រទេសជាតិនីមួយៗ មានការរីកចម្រើន និងអភិវឌ្ឍន៍បាននោះ គឺតំបូងបង្អស់ត្រូវការធនធានមនុស្ស ហើយអ្នកដែលបានបណ្តុះបណ្តាលធនធានមនុស្សមុនគេ គឺជាលោកគ្រូ អ្នកគ្រូ នេះហើយ។

លោកបណ្ឌិត ម៉ា ឈឿន បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោក រួមទាំងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជួបសំណោះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ចំនួន២១នាក់ មកពី៤វិទ្យាល័យ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលបានបង្រៀនបំប៉នបន្ថែមដល់សិស្សានុសិស្ស ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទីតាំងស្នាក់ការគណបក្សប្រជាជនស្រុកជើងព្រៃ។

លោកបណ្ឌិត ម៉ា ឈឿន បានលើកឡើងថា ការដែលបានដាក់ឱ្យលោកគ្រូ អ្នកគ្រូ ធ្វើការបង្រៀនបំប៉នដល់សិស្សានុសិស្សនេះពេលនេះ គឺជាការលើកទឹកចិត្តដល់សិស្សទាំងអស់ ដើម្បីឱ្យពួកគេខិតខំប្រែងក្នុងការរៀនសូត្រ ដើម្បីជាទុនក្នុងការស្វែងរកអនាគត ដ៏ល្អនៅពេលខាងមុខទៀត។ លោកគ្រូ អ្នកគ្រូ គឺជាអ្នកមានគុណទី២ របស់សិស្សានុសិស្ស ហើយបើអ្នកណាភ្លេចអ្នកមានគុណទី២នេះ អ្នកនោះមិនមានការីកចម្រើននោះទេ។ គ្រូបង្រៀនគឺជាអ្នកអប់រំសិស្សានុសិស្ស ដែលជាអ្នកបន្តវេន និងជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ហើយតួនាទីរបស់គ្រូបង្រៀនគឺពិតជាមានសារៈសំខាន់ណាស់ ដែលបានផ្តល់ស្នាដៃយ៉ាងធំធេង ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស តាំងពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។

លោកបណ្ឌិត ម៉ា ឈឿន ក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ទាំងអស់ ដែលបានចំណាយពេលវេលា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឱ្យក្លាយជាអ្នកបន្តវេន ក្នុងការចូលរួមជួយធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន និងអភិវឌ្ឍន៍បន្តទៅមុខទៀត។ ដោយលោកបានបញ្ជាក់ថា នៅក្នុងឆ្នាំនេះ ទោះជាសិស្សប្រឡងជាប់បាក់ឌុប ឫមិនជាប់ក្តី ក៏លោកនៅតែបន្តផ្តល់អាហារូបករណ៍៤ឆ្នាំ ចំនួន២០០នាក់ដដែលផងដែរ។

លោក អ៊ុន ចាន់ដា បានលើកឡើងដែរថា ការបង្រៀនបំប៉ន របស់លោកគ្រូ អ្នកគ្រូ ពិតជាបានឆ្លើយតបនឹងគោលបំណង និងអ្វីដែលមាតាបិតាសិស្ស និងសិស្សានុសិស្សចង់បាន ព្រោះការបង្រៀនបំប៉ននេះ គឺជាគន្លឹះមួយក្នុងការជួយឱ្យសិស្សទាំងអស់បានត្រៀមខ្លួនទុកជាមុន ក្នុងត្រៀមខ្លួនដើម្បីធ្វើការប្រឡងបាក់ឌុបនាពេលខាងមុខដ៏ខ្លីនេះ ហើយការខិតខំរបស់លោកគ្រូ អ្នកគ្រូ ពិតជាមានតម្លៃណាស់សម្រាប់សិស្សទាំងអស់គ្នា ដើម្បីអប់រំដល់ពួកគេឱ្យបានក្លាយជាធនធានមនុស្សដ៏មានប្រសិទ្ធភាព ក្នុងការចូលរួមជួយក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ៕