(កណ្តាល)៖ លោកឧកញ៉ា លី សាម៉េត អគ្គនាយកក្រុមហ៊ុន អេង ឌីប៉ូអភិវឌ្ឍន៍ ជាក្រុមហ៊ុនដែលធ្វើស្រូវធំជាង នៅក្នុងប្រទេសកម្ពុជា គ្រោងនឹងស្ថាបនាផ្លូវបេតុង១ខ្សែ មានប្រវែងជាង១ពាន់ម៉ែត្រ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនប្រជាពលរដ្ឋ នៅក្នុងឃុំក្រាំងយ៉ូវទាំងមូល ដើម្បីមានភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាដឹកកសិផលរបស់ពួកគាត់ទៅកាន់ទីផ្សារ។

នេះជាការបញ្ជាក់របស់ លោកឧកញ៉ា លី សាម៉េត នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ក្នុងពិធីប្រគេនទៀនព្រះវស្សា ទេយ្យទាន និងថវិកា ដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តសាលាអណ្តែត ស្ថិតក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

ឧកញ៉ា លី សាម៉េត បានបន្ថែមថា ការដែលសម្រេចចិត្តស្ថាបនាផ្លូវបេតុងនេះ ដោយសារមានការសំណូមពរពីប្រជាពលរដ្ឋក្នុងឃុំ ក៏ដូចជាអាជ្ញាធរឃុំ ឲ្យជួយជួសជុលផ្លូវនេះ ពីព្រោះបច្ចុប្បន្នផ្លូវនេះ មានការខូចខាតយ៉ាងធ្ងន់ធ្ងរ មានការពិបាកក្នុងការធ្វើដំណើរ។ ផ្លូវនេះត្រូវចាក់ជាបេតុងដើម្បីឲ្យជាប់បានយូរ និងងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរទៅមកផងដែរ ហើយគ្រោងចំណាយថវិកាអស់ជាង៣ម៉ឺនដុល្លារ។

ក្នុងពិធីប្រគេនទៀនព្រះវស្សានេះដែរ លោកឧកញ៉ា លី សាម៉េត និងលោកស្រី បញ្ជាក់ថា នឹងប្រគេនថវិកាចំនួន៥០លានរៀល ប្រគេនព្រះចៅអធិការ វត្តសាលាអណ្តែត ក្នុងបុណ្យអង្គកឋិនទាន នាពេលខាងមុខ។

ដោយឡែកនៅថ្ងៃនេះ លោកឧកញ៉ា បានប្រគេនថវិកាចំនួន៣,០០០ដុល្លារ សម្រាប់ការកសាងក្នុងវត្តសាលាអណ្តែត, ថវិកាចំនួន៥,០០០ដុល្លារ ឧបត្ថម្ភសម្រាប់ក្រុមទូកងស្រីម៉ៅក្រាំងយ៉ូវ ដើម្បីចូលរួមប្រកួតនៅក្នុងពិធីបុណ្យអុំទូកនាពេលខាងមុខ, ប្រជាពលរដ្ឋចូលរួមជាង១០០នាក់ ម្នាក់ៗបានទទួលថវិកា២ម៉ឺនរៀល កងកម្លាំងសមត្ថកិច្ចការពារចំនួន២៣នាក់ ម្នាក់ៗទទួលបានថវិកា៣ម៉ឺនរៀល លោកតាអាចារ្យគណៈកម្មការ វត្តសាលាអណ្តែតចំនួន៦នាក់ ម្នាក់ៗទទួលបាន១០ម៉ឺនរៀល៕