(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព ជើងគោក បានលើកឡើងថា កងទ័ពជើងគោកកម្ពុជា និងវិទ្យាស្ថានកងទ័ពជើងគោកដាឡាត់ ប្រទេសវៀតណាម នឹងបន្តពង្រឹងចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ មិត្តភាពជាប្រពៃណីក្នុងនាមជាប្រទេសជាប់ព្រំដែនជាមួយគ្នា។ ទំនាក់ទំនងនេះ ក៏បានផ្ដល់នូវការសិក្សាដកបទពិសោធន៍ពីគ្នាទៅវិញទៅមក លើការងារករសាង និងពង្រឹងសមត្ថភាពកងទ័ព។

ការលើកឡើងបែបនេះរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងនាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅក្នុងឱកាសដែលលោក បានទទួលជួបសាវនាការជាមួយឧត្តមសេនីយ៍ទោ ហ័ង វ៉ាន់មិញ នាយកវិទ្យាស្ថានកងទ័ពជើងគោកដាឡាត់ ប្រទេសវៀតណាម នៅសាលសវនាការកងទ័ពជើងគោក ដែលនេះ គឺជាជំនួបលើកទី២ រវាងថ្នាក់ដឹកនាំស្ថាប័នទាំងពីរ។

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានថ្លែង អំណរគុណដល់វិទ្យាស្ថានកងទ័ពជើងគោកដាឡាត់ ដែលបានជួយបណ្តុះបណ្តាលធនធានមនុស្ស ដល់កងយោធពលខេមរភូមិន្ទនាពេលកន្លងមក។

ឧត្តមសេនីយ៍ទោ ហ័ង វ៉ាន់មិញ បានថ្លែងថា ក្នុងនាមជំនួសមុខជូនក្រសួងការពារប្រទេសវៀតណាម សូមថ្លែងអំណរគុណដល់ក្រសួងការពារជាតិកម្ពុជា ក៏ដូចជាកងយោធពលខេមរភូមិន្ទ ដែលបានជួយបណ្តុះបណ្តាលភាសាខ្មែរ ដល់យោធិនវៀតណាម ដែលកំពុងសិក្សានៅសាកលវិទ្យាល័យការពារជាតិ។

ឧត្តមសេនីយ៍ទោ ហ័ង វ៉ាន់មិញ បានវាយតម្លៃខ្ពស់ថា សកម្មភាពមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងទ័ព ប្រជាជនវៀតណាមទាំងនេះ បានបង្ហាញឱ្យឃើញ ពីមិត្តភាពល្អជាប្រពៃណីរបស់កងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម៕