(បាត់ដំបង)៖ គិតត្រឹមវេលាម៉ោង១០ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ ទឹកស្ទឹងសង្កែ ក្រុងបាត់ដំបង បានកំពុងហក់ឡើងបន្តិចម្តងៗ ដល់កម្ពស់ ១៣ម៉ែត្រហើយ ខណ:ដែលកម្ពស់ទឹកឡើងដល់កម្ពស់ ១៣,៨០ម៉ែត្រ ជាចំណុចប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន។

បើតាមលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបញ្ជាក់ប្រាប់ភ្នាក់ព័ត៌មាន Fresh News ប្រចាំខេត្តបាត់ដំបង ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ ទឹកស្ទឹងសង្កែ ពិតជាហក់ឡើងខ្ពស់មែនហើយទើបតែបាន ១៣ម៉ែត្រ គឺមិនទាន់ដល់ពេលត្រូវប្រកាសជូនដំណឹងជាសាធារណៈនោះឡើយទេ ហើយក៏មិនមែនជាការប្រកាសអាសន្ននោះដែរ។

លោកថា ទោះជាយ៉ាងណាទឹកស្ទឹងសង្កែ ដែលកំពុងហក់ឡើងដូច្នេះ ហើយពុំទាន់ដល់ចំណុចដែលត្រូវប្រកាសជូនដំណឹងជាសាធារណៈនោះនៅឡើយទេ។

លោក ឡុង ផលគុណ បានបញ្ជាក់ថា បើល្ងាចនេះនៅចំណុចខាងលើក្បាលស្ទឹង មិនមានភ្លៀងធ្លាក់បន្តទៀតទេ នោះទឹកស្ទឹងសង្កែក្រុងបាត់ ដំបងនឹងមានការស្រក ចុះវិញដែរ សូមប្រជាពលរដ្ឋកុំទាន់មានការព្រួយបារម្មណ៍អី។

មូលហេតុដែលនាំឲ្យទឹកនៅស្ទឹងសង្កែបានហក់ឡើងយ៉ាងដូច្នេះ ក៏ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងនៅប៉ែកខាងលើ ស្រុកសំឡូត ជាប់ព្រំដែនប្រទេសថៃ បណ្តាលឲ្យទឹកនៅអាងស្តុកទឹកទំបន់ ពហុបំណងសេកសកទឹកឡើងខ្លាំង៕