(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ មានរៀបចំពិធីប្រកាស និងប្រគល់ភារកិច្ច ជូនក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានសង្កាត់ទាំង៤ នៃក្រុងព្រះសីហនុ ក្រោមអធិបតីភាព លោក តឹករ៉េត សំរេច ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ មូលដ្ឋានក្រុងព្រះសីហនុ និងមានការចូលរួមពីសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ ជាច្រើនរូបទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក តឹករ៉េត សំរេច បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុនសែន ជាអគ្គមគ្គុទេសដ៏ឈ្លៀសវៃ និងជាញជ័យ ប្រទេសកម្ពុជាសម្រេចបាន សុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំ ចុងក្រោយរបស់កម្ពុជា និងដែលបង្កើតបានជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងលក្ខខណ្ឌចំបងបំផុត សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសជាតិ។

ដូច្នេះហើយបានជាកម្ពុជា និយាយជារួម និងខេត្តព្រះសីហនុ និយាយដោយឡែក ទទួលបានវិនិយោគទុនបរទេសជាច្រើន ជាពិសេសពីសំណាក់វិនិយោគិនចិន ដែលសម្លឹងឃើញសក្តានុពលដ៏ធំធេង នៃខេត្តព្រះសីហនុ ដែលជាតំបន់មាត់សមុទ្រដ៏ស្រស់ស្អាត ជាមួយនឹងកំពង់ផែសមុទ្រ និងព្រលានយន្តហោះអន្តរជាតិ។

ទន្ទឹមនឹងនេះ លោកបានបន្ថែមថា ការហូរចូលមកយ៉ាងគំហុកនូវវិនិយោគបរទេសនេះ ក៏បាននាំមកនូវបញ្ហាប្រឈមថ្មីៗ ជាបណ្តោះអាសន្នមួយចំនួនផងដែរ ដែលទាមទារឲ្យយើងទាំងអស់គ្នា ដែលជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្ស នៃក្រុង និងខេត្តព្រះសីហនុ រួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយ ដោះស្រាយឲ្យបានទាន់ពេលវេលា ដើម្បីឲ្យការវិនិយោគនេះ ផ្តល់ជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ធានាបាននូវល្បឿន នៃការអភិវឌ្ឍ និងប្រែក្លាយក្រុង និងខេត្តព្រះសីហនុ ឲ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏ធំមួយទៀតរបស់កម្ពុជា និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ នាពេលអនាគតខាងមុខនេះ។

ជាចុងក្រោយ លោកបានសង្កត់ធ្ងន់ថា លោក និងក្រុមការងារត្រៀមលក្ខណៈជានិច្ច ចូលរួមសហការ និងរួមសុខរួមទុក្ខជាមួយអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់នៃក្រុង និងខេត្តព្រះសីហនុ ដើម្បីបម្រើដោះស្រាយបញ្ហា និងឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្រុង និងខេត្តព្រះសីហនុ។

លោក តឹករ៉េត សំរេច បានលើកទឹកចិត្តឲ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងារចុះជួយមូលដ្ឋានទាំងអស់ យកចិត្តទុកដាក់ដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាព និងសមត្ថភាព និងទាន់ពេលវេលា ព្រោះមានតែអ្នកដឹកនាំនៅមូលដ្ឋានប៉ុណ្ណោះដែលដឹងច្បាស់ និងអាចដោះស្រាយបានភ្លាមៗ ទាន់ពេលវេលានូវទុក្ខកង្វល់ និងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រោះពួកគាត់នៅជាប់ជាមួយនឹងប្រជាពលរដ្ឋគ្រប់ពេលវេលា៕