(ព្រះវិហារ)​៖​ ដេីម្បីជួយសម្រាល​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ នៅថ្ងៃសៅរ៍ ទី​១០​ ខែសីហា​ ឆ្នាំ២០១៩​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកស្រី​ ម៉ែន​ នារី​សោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា​ និងសហការី​ រួមជាមួយសាខាកាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ ចុះសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន​ ២៥០គ្រួសារ​ រស់នៅក្នុងឃុំចំនួន​ ១២​ នៃស្រុក​រវៀង​ ខេត្តព្រះវិហារ។

ពិធី​នេះបានរៀបចំនៅទីតាំងពីរកន្លែងគឺ​ នៅសាលារៀនរបៀប​ សម្រាប់ប្រជាពលរដ្ឋ​ ១៨១គ្រួសា​រ​ និងនៅសាលា​មធ្យមសិក្សាកម្រិតមូលដ្ឋានត្រពាំងទន្ទឹម​ ​សម្រាប់ប្រជាពលរដ្ឋ​ចំនួន​ ៦៩គ្រួសារ​។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់​ ​លោកស្រី​អគ្គលេខាធិការរងទី​ ១​ បានពាំនាំនូវប្រសាសន៍របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ​ ក្តីនឹករលឹក​ អាណិតស្រឡាញ់​យ៉ាងជ្រាលជ្រៅ​ និងគិតគូរជានិច្ច​ ដោយតែងតែចាត់ឱ្យមន្ត្រីក្រោមឱវាទ​ចុះជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋងាយរង​គ្រោះបំផុតដែលត្រូវការឱ្យជួយជាចាំបាច់​ ជាពិសេស​ប្រជាពលរដ្ឋរងគ្រោះ​ដោយទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួន។

ជាមួយគ្នានេះ​ លោកស្រីអគ្គលេខាធិការរងទី​១​ បានពាំនាំសេចក្តីអំពាវនាវ ពី​សំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញេីឱ្យប្រ​ជាពលរដ្ឋទាំងអស់​មានការប្រុង​ប្រយ័ត្នចំពោះគ្រោះថ្នាក់ធម្មជាតិ​ ទឹកជំនន់​ ផ្គរ​ រន្ទះ​ ហេីយត្រូវត្រៀមលក្ខណៈ​រកទីកន្លែងមានសុវត្ថិភាព។

ទន្ទឹមនឹងនេះ​​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​​ បានអំពាវនាវដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​គិតគូរថែទាំសុខភាព​ឱ្យបានល្អដេីម្បីកាត់បន្ថយការចំណាយក្នុងគ្រួសារ​ ដោយត្រូវ​រស់នៅមាន​អនាម័យ​​ ពិសា​ទឹកដាំឆ្អិន និងបរិភោគអាហារូបត្ថម្ភ​ឱ្យបានត្រឹមត្រូវ​ជៀសវាងជំងឺលេីសឈាម​ ជំងឺបេះដូង​ ឈឺសន្លាក់ ឬទឹកនោមផ្អែម។ល។

សូមសម្អាតបរិស្ថាន​ជុំវិញផ្ទះ​ លុបបំបាត់ជម្រកសត្វមូស​ គេងក្នុងមុងជានិច្ច​ជៀសវាង​ជំងឺគ្រុនឈាម​-គ្រុនចាញ់​ ហេីយប្រសិនបេីក្តៅខ្លួន​ ឬចេញរោគសញ្ញាណាមួយ​ត្រូវប្រញាប់ទៅមន្ទីរពេទ្យ​ដេីម្បីព្យាបាលជាបន្ទាន់​ ជៀសវាង
បណ្តែតបណ្តោយពេលវេលាធ្វេីឱ្យប៉ះពាល់ដល់អាយុជីវិត។ ចំពោះស្ត្រីមានផ្ទៃពោះ​ ត្រូវពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់​ និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យជៀសវាងជំងឺឆ្លងពីម្តាយទៅកូន​​ ឬជំងឺតំណពូជជាដេីម​ និងទៅសម្រាលកូន​នៅមណ្ឌលសុខភាព​ដែលនៅជិតបំផុត។

បន្ថែមពីនេះ​ សូមប្រជាពលរដ្ឋទាំងអស់​ ប្រុងប្រយ័ត្ន​នៅតំបន់ដែលមានគ្រាប់មីន​ ឬគ្រាប់មិនទាន់ផ្ទុះ​ដែល​បន្សល់ទុកពីសង្គ្រាម​ ដែលករណីគ្រោះថ្នាក់នៅកេីតមាន​ឡេីង​ជាយថាហេតុ។

ម្យ៉ាងទៀត​ ទន្ទឹមនឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវថ្នល់ស្អាតល្អ​គ្រប់ទីកន្លែង​ ក៏សូមប្រជាពលរដ្ឋ​គិតគូរពីសុវត្ថិភាព​ចរាចរណ៍​ ដែលជាបញ្ហាប្រឈម​បង្កឱ្យមានការស្លាប់និងពិការភាពជារៀងរាល់ថ្ងៃដែរ។

អំណោយដែលបានចែកជូនគ្រួសារនីមួយៗរួមមាន ៖​ អង្ករ​ ៣០គីឡូក្រាម​ មី១កេស​ ត្រីខ​ ១០កំប៉ុង​ ឃីត១​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត​)​ និងអាវភ្លៀង១៕