(កំពត)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត និងខេត្តកែប នៅថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ បានចុះជាក់ស្តែង ដើម្បីវាយតម្លៃសភាពការណ៍ជំនន់ ការលិចលង់ និងរកវិធានការដើម្បីបង្វែរទឹកទៅអនាគត។

ជាក់ស្តែងការលិចលង់ប៉ះពាល់ដល់ស្រុកទឹកឈូ ដែលបណ្តាលមកពីមានភ្លៀងធ្លាក់ ស្ទើររៀងរាល់ថ្ងៃអស់រយៈពេលជិត១សប្តាហ៍មកហើយ ដែលប្រភពធ្លាក់ប្រមូលផ្តុំមកពីផ្ទៃរងទឹកភ្លៀងនៅកំចាយ ស្ទឹងកែវ និងតាកែនកោះស្លា។ ប្រភពទាំង៣នេះ ត្រូវប្រមូលផ្តុំធ្លាក់ទៅតាមព្រែកកំពង់បាយ កាត់ទីរួមខេត្តកំពត។

ទន្ទឹមនោះ លោករដ្ឋមន្រ្តី ក៏បានជួបប្រាស្រ័យជាមួយអភិបាលខេត្ត ជាវ តាយ ព្រមទាំងសហការី ដែលលោកបាននឹងកំពុងចុះប្រតិបត្តិការ ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដើម្បីរកទីទួលសុវត្ថិភាព និងចែកអំណោយក្នុងនាមកាកបាតក្រហមកម្ពុជាផងដែរ។

នាពេលនោះ លោកអភិបាលខេត្ត បានសំណូមពរនូវម៉ាស៊ីនបូមទឹកទុយោ០៥តឹក ចំនួន០២គ្រឿង ដើម្បីទុកជាស្ថានីយបូមរំដោះទឹកចេញពីទីក្រុងផងដែរ។

លោករដ្ឋមន្ត្រី បានសន្យាជួយដោយសំណូមពរពេលវេលាបន្តិច ដើម្បីធ្វើការសិក្សាច្បាស់លាស់ពីធារទឹកតម្រូវការ ទីតាំងប្រភេទម៉ាស៊ីនថា តើត្រូវប្រើដោយម៉ូទ័រ ឬដោយប្រេងឥន្ទនៈ។ ចំពោះការប៉ះពាល់លើ៥ឃុំ លើ១៦ឃុំនៃស្រុកទឹកឈូ និង៣សង្កាត់ លើ៥សង្កាត់នៃក្រុងកំពត។ ឯការប៉ះពាល់ គឺផ្លូវកៅស៊ូ២ជាន់ភូមិអណ្តូងជីមឿន។ ឯស្រូវដែលលិចពីយប់មិញ បើអាចប៉ះពាល់បន្តិចបន្តួចតែប៉ុណ្ណោះ៕