(កំពង់ចាម)៖ ព្រះសង្ឃ និងប្រជាពលរដ្ឋនៅក្នុងឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម បានអំពាវនាវដល់សប្បុរសជនបរិច្ចាគថវិកាជួយសាងសង់ជើងទំនប់ការពារទឹកជំនន់កុំឱ្យខូចផ្លូវ។

ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដឹកកសិផលផ្សេងៗនោះ អាជ្ញាធរឃុំតាមរយៈថវិកាមូលនិធិឃុំ បានសម្រេចសាងសង់ផ្លូវបេតុងមួយខ្សែប្រវែងសរុបប្រមាណ ២៤៦ម៉ែត្រ កាត់ព្រែកតាឈឹម ស្ថិតនៅភូមិកំពង់ស្ដីក្រោម ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម តាមបណ្ដោយមាត់ទន្លេមេគង្គ ទៅភ្ជាប់ជាមួយព្រំប្រទល់ឃុំមហាខ្ញូង។ បច្ចុប្បន្នការសាងសង់ផ្លូវនេះមិនទាន់សម្រេចរួចរាល់នៅឡើយទេ គឺសាងសង់ទើបបានប្រវែងប្រមាណ ១០០ម៉ែត្រប៉ុណ្ណោះ។

បន្ទាប់ពីការទទួលបានផ្លូវបេតុងហើយនោះ ប្រជាពលរដ្ឋនៅក្នុងឃុំកំពង់រាម ក៏ព្រួយបារម្ភផងដែរខ្លាចទឹកជំនន់ហូរកាត់ និងបុកនាំឱ្យផ្លូវនេះខូចខាតទៅវិញ។ ដើម្បីការពារផ្លូវកុំឱ្យទឹកហូរកាត់ ឬហូរបុកក្នុងរដូវវស្សានេះនាំឱ្យខូចខាតនោះ ព្រះសង្ឃ និងប្រជាពលរដ្ឋនៅក្នុងឃុំបានមូលមតិគ្នាសាងសង់ជើងទំនប់ដើម្បីការពារផ្លូវនេះ។

ព្រះភិក្ខុសុភទ្ទមង្គល វ៉ាន់ សុភិន ជាព្រះចៅអធិការវត្តរតនៈពោធិរង្សី (កំពង់ស្តី) បានមានសង្ឃដីកាប្រាប់អង្គភាពព័ត៌មាន ​Fresh News ថា ផ្លូវបេតុងដែលឃុំកំពង់សាងសង់នេះមានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ។ ដូច្នេះប្រជាពលរដ្ឋព្រួយបារម្ភខ្លាចទឹកហូរកាត់ និងបុកបណ្តាលឱ្យខូចខាតទៅវិញ ទើបសម្រេចនាំគ្នាសាងសង់ជើងទំនប់ដើម្បីការពារទឹក។

ព្រះតេជគុណបានឱ្យដឹងថា ជើងទំនប់ការពារផ្លូវនេះមានប្រវែងសរុបប្រមាណ ១៦០ម៉ែត្រ ដោយគ្រោងចំណាយថវិកាសាងសង់ប្រមាណ ២០លានរៀល។ បើតាមព្រះតេជគុណព្រះចៅអធិការវត្តរតនៈពោធិរង្ស៉ី មកដល់ពេលនេះមិនទាន់មានថវិកាសាងសង់នៅឡើយទេ ទើបព្រះតេជគុណ និងប្រជាពលរដ្ឋបានសម្រេចអំពាវនាវស្វែងរកថវិកាពីសប្បុរសជន។

«អាត្មាសូមចម្រើនពរដល់ញាតិញោម ឯកឧត្តមលោកជំទាវ បងប្អូនប្រជាពលរដ្ឋទីជិតឆ្ងាយទាំងអស់ សូមចូលរួមតាមកម្លាំងសទ្ធាជ្រះថ្លាជួយសាងសង់ជើងទំនប់នេះ ព្រោះវាមានសារៈសំខាន់ណាស់សម្រាប់ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋ។ បើយើងមិនធ្វើជើងទំនប់ការពារទឹកទេ វានឹងធ្វើឱ្យខូចដល់ផ្លូវរបស់យើងទៀត»។ ព្រះតេជគុណ វ៉ាន់ សុភិន មានសង្ឃដីកាបញ្ជាក់។

ប្រជាពលរដ្ឋដែលមានសទ្ធាជ្រះថ្លាបរិច្ចាគថវិកាជួយសាងសង់ជើងទំនប់ការពារផ្លូវនេះអាចទាក់ទងតាមទូរស័ព្ទលេខ៖ 092950805/067950805៕