(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានរៀបចំវគ្គបណ្តុះបណ្តាលជនបង្គោល ស្តីពី ប្រព័ន្ធបច្ចេកវិទ្យា E-Certificate សម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ទេសចរណ៍ ដល់មន្ត្រីក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត បុគ្គលិកសាកលវិទ្យាល័យ សាលាវិជ្ជាជីវៈ និងគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ដែលទទួលស្គាល់ ដោយក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍។

យោងតាមលោក ឆាយ ឃុនឡុង អគ្គនាយករងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ប្រព័ន្ធ E-Certificate នេះមានអាសយដ្ឋាន (www.tourismecertificate.org)។

វាមានមុខងារសំខាន់ៗដូចជា៖

១៖ ជួយសម្រួលដល់ការចេញវិញ្ញាបនបត្រច្រើនប្រភេទ ដូចជាដល់វគ្គបណ្តុះបណ្តាលដោយក្រសួងមន្ទីរទេសចរណ៍ ឬដោយសាលាវិជ្ជាជីវៈទេសចរណ៍ ដែលទទួលស្គាល់ពីក្រសួងទេសចរណ៍។

២៖ ជួយដល់ការគ្រប់គ្រងការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍តាមអនឡាញ។

៣៖ បញ្ជាក់អត្ថសញ្ញាណ ជីវប្រវត្តិរបស់សិស្ស-និសិ្សត និងអ្នកចូលរួមវគ្គបណ្តុះបណ្តាល។

៤៖ រក្សាទិន្នន័យ និងតាមដានជំនាញវិជ្ជាជីវៈរបស់សិស្ស-និសិ្សតជាដើម។

លោក ណេប សាមុត បានលើកឡើងថា តាមរយៈប្រព័ន្ធ E-Certificate នេះ នឹងផ្តល់ភាពងាយស្រួលដល់សាកលវិទ្យាល័យ គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងសិស្ស-និសិ្សត ក្នុងការគ្រប់គ្រង និងរក្សាទុកទិន្នន័យ និងព័ត៌មានចាំបាច់នានា ដោយមិនភ័យព្រួយបាត់បង់ ឬការក្លែងបន្លំ។

លោកថា វាក៏ជាឧបករណ៍ដ៏សំខាន់ ក្នុងការគាំទ្រដល់យុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ (២០១៨-២០២៥) ឆ្ពោះទៅសម្រេចបានគោលដៅ «បុគ្គលិកម្នាក់ជំនាញមួយ» ឱ្យបាននៅឆ្នាំ២០២៥ និងការសិក្សាពេញមួយជីវិត នៅឆ្នាំ២០៣០ សម្រាប់យុវជនកម្ពុជា នៅក្នុងវិស័យទេសចរណ៍។

គួរបញ្ជាក់ថា ទៅថ្ងៃអនាគតប្រព័ន្ធនេះ នឹងត្រូវក្លាយជាគំរូមួយដែលអាចផ្គូរផ្គងជាមួយប្រព័ន្ធស្នើសុំអាជ្ញាបណ្ណទេសចរណ៍ អនឡាញដោយស្វ័យប្រវត្តិ ដែលផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រង និងផ្ដល់ឱកាសឱ្យយុវជនកម្ពុជា ដែលកំពុងបម្រើការងារ ក្នុងវិស័យទេសចរណ៍ អាចទទួលបានការលើកទឹកចិត្តពីម្ចាស់អាជីវកម្មទេសចរណ៍ ឱ្យទៅពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ ឬក្នុងការហ្វឹកហាត់ការងារជាដើម។

សូមបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នេះ គ្រោងនឹងប្រកាសដាក់ជាផ្លូវការ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាចុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។

សាកលវិទ្យាល័យ និងគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ អាចស្នើសុំប្រើប្រាស់ប្រព័ន្ធ E-Certificate បានតាមរយៈ៖ គេហទំព័រ៖ www.tourismecertificate.org ឬស្គេន QR-Code ខាងក្រោមនេះ៕