(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការពង្រីកទីផ្សារអង្ករកម្ពុជា និងការរៀបចំបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវ-អង្ករកម្ពុជា អាណត្តិទី៣ ប្រកបដោយតម្លាភាព ដើម្បីដឹកនាំការអភិវឌ្ឍវិស័យស្រូវអង្ករជាតិ។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាពបិទមហាសន្និបាតប្រចាំឆ្នាំ២០១៩ របស់សហព័ន្ឋស្រូវអង្ករកម្ពុជា ដែលរៀបចំឡើងកាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមជាមួយមន្ត្រីជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា តំណាងវិស័យឯកជន និងប្រជាកសិករជាច្រើនរូប។

នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានកោតសរសើរលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានខិតខំចរចាស្វែងរកទីផ្សារទូលំទូលាយ សម្រាប់ទំនិញអង្ករកម្ពុជា ដោយសហការស្អិតរមួតជាមួយសហព័ន្ធស្រូវអង្កកម្ពុជា និងស្ថាប័នពាក់ព័ន្ធនានា។

លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តថ្នាក់ដឹកនាំសហព័ន្ធស្រូវ-អង្ករកម្ពុជា អាណត្តិថ្មី បន្តសហការជាមួយក្រសួងពាណិជ្ជកម្ម និងសហគមន៍កសិកម្មនានា ក្នុងការអនុវត្តកម្មវិធីកសិកម្មតាមកិច្ចសន្យា ដើម្បីផលិតស្រូវសរីរាង្គឱ្យបានអតិបរិមា និងមានគុណភាពខ្ពស់ សំដៅលើកស្ទួយឧស្សាហកម្មស្រូវអង្ករ និងជំរុញការនាំចេញអង្ករ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ដើម្បីពង្រឹងការអភិវឌ្ឍវិស័យស្រូវអង្ករប្រកបដោយនិរន្តរភាព លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍សំខាន់ៗចំនួនបី ដល់សហព័ន្ធស្រូវអង្ករ ដូចខាងក្រោម៖

១៖ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ រួមទំាងវិស័យឯកជនទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីសម្រេចឱ្យបានគោលនយោបាយជាតិ ស្តីការជំរុញផលិតកម្មស្រូវអង្ករ។

២៖ រក្សាការប្រកួតប្រជែងដោយស្មើភាពលើទីផ្សារ ដើម្បីជំរុញការនាំចេញឱ្យមានប្រសិទ្ឋិភាព តម្លាភាព និងរក្សាបាននូវផលប្រយោជន៏របស់កសិករ និងសហគមន៏កសិកម្ម តាមរយៈការបង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងរក្សាបានសន្តិសុខស្បៀង និងអាហារូបត្ថម្ភគ្រប់គ្រាន់ សម្រាប់កុមារកម្ពុជា។

៣៖ លើកទឹកចិត្ត និងពង្រឹងការចូលរួមរបស់កសិករ និងសហគមន៍កសិកម្ម ព្រមទាំងការពារផលប្រយោជន៍របស់ពួកគាត់ តាមរយៈការបង្កើតបរិស្ថានអំណោយផល និងភាពងាយស្រួលសម្រាប់ការផលិត និងផ្គត់ផ្គង់ស្រូវ អង្ករប្រកបដោយគុណភាព។

សូមជម្រាបថា តាមរយៈការបោះឆ្នោតរៀបចំដោយក្រសួងពាណិជ្ជកម្ម សមាសភាពសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៣ ត្រូវបានកែទម្រង់រចនាសម្ព័ន្ធដឹកនាំថ្មី ដោយក្នុងនោះ លោកឧកញ៉ា ហ៊ុន ឡាក់ បានជាប់ជាប្រធានក្រុមប្រឹក្សាភិបាល ហើយលោកឧកញ៉ា សុង សារ៉ន បានជាប់ជាប្រធានសហព័ន្ធស្រូវអង្ករ។ ការបង្កើតរចនាសម្ព័ន្ធថ្មីនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តគោលនយោបាយស្រូវអង្ករជាតិ និងជួយសម្របសម្រួលធុរកិច្ចវិស័យស្រូវអង្ករ ជាពិសេសដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត៕