(ពោធិ៍សាត់)៖ យោងតាមការចុះផ្សាយ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅថ្ងៃទី០៩ និង១០ ខែសីហា ឆ្នាំ២០១៩នេះ ផ្លូវជាតិលេខ៥៥ (ពោធិ៍សាត់-វាលវែង-ថ្មដា) បានរងគ្រោះដោយបាក់ដីធ្លាក់មកលើតួផ្លូវ នៅចន្លោះគីឡូម៉ែត្រលេខ១៤៣ ដល់គីឡូម៉ែត្រ១៦០ (តំបន់លើភ្នំ ១៥០០) បណ្តាលឲ្យមានការកាត់ផ្តាច់ចរាចណ៍ ដោយសារភ្លៀងធ្លាក់ជោកជាំ ជាច្រើនថ្ងៃជាប់ៗគ្នា។

បើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ ដែលភ្នាក់ងារ Fresh News ទទួលបាននៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ បានឱ្យដឹងទៀតថា ក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងអាជ្ញាធរមូលដ្ឋាន បានសហការគ្នាយកគ្រឿងចក្រកៀរ និងចូកដី ដើមឈើចេញ ដើម្បីបញ្ចៀសចរាចរណ៍ អាចដំណើរការបានវិញហើយ ក៏ប៉ុន្តែភ្លៀងនៅតែបន្តធ្លាក់មកជាបន្តបន្ទាប់ទៀត។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅមក៕