(ភ្នំពេញ)៖ លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កា និងភរិយា បានដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសកម្ពុជាហើយ នៅវេលាម៉ោង០៤៖២០នាទី រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា អស់រយៈពេល៤ថ្ងៃ។

ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោកបានចូលគាល់ព្រះមហាក្សត្រ ចូលគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ បំពាក់កម្រងផ្កានៅវិមានឯករាជ្យ ចូលរួមវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា ព្រមទាំងជួបពិភាក្សាការងារទ្វេភាគី និងពិសារបាយសាមគ្គីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា លោកប្រធានាធិបតី បានអញ្ជើញទៅកាន់វត្តលង្កា និងប្រគេនសម្តេចព្រះមហាអរិយវង្ស សៅរ៍ ច័ន្ទថុល្ល ព្រះចៅអធិការវត្តលង្កា នូវកូនដើមពោធិ៍នៃមហាពោធិព្រឹក្ស ដែលយកមកពីក្រុងអនុរាធបុរៈ របស់ស្រីលង្កា។ បន្ទាប់មក លោកបានអញ្ជើញចូលរួមក្នុងពិធីដាំដើមឈើតំណាងប្រទេសស្រីលង្កា នៅមជ្ឈមណ្ឌលវិបស្សនាភ្នំឧត្តុង្គ ថែមទៀត។

លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា និងសមាជិកគណៈប្រតិភូ បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន នៅក្នុងឧទ្យានអង្គរ ខេត្តសៀមរាប ព្រមទាំងបានចំណាយពេលដើរកម្សាន្ត នៅផ្សារទំនើប Aeon របស់កម្ពុជាថែមទៀត។

ទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជារបស់ ប្រធានាធិបតី ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា នាពេលនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហ-ប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ រវាងកម្ពុជានិងស្រីលង្កា។

អំឡុងទស្សនកិច្ចនេះ កម្ពុជា-ស្រីលង្កា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២ផងដែរ ក្នុងនោះរួមមាន៖

ទី១៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចពិគ្រោះយោបល់ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។ ចុះហត្ថលេខាដោយ៖ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការ ក្រសួងការបរទេសកម្ពុជា និងលោក Vansantha Senanayake មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសស្រីលង្កា។

ទី២៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មក្រុងកូឡំបូ។ ចុះហត្ថលេខាដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមួយប្រធានសភាពាណិជ្ជកម្មស្រីលង្កា៕