(ភ្នំពេញ)៖ ក្រុមហ៊ុនថាហ្គីត អ៊ីស្ទេត អេនអ៊ែសិត មេនិចម៉ិន ដែលធ្វើសកម្មភាពល្មើសច្បាប់រំលោភទៅលើដីកម្មសិទ្ធិឯកជននៅតំបន់ក្បាលរមាស ក្នុងគម្រោងសាងសង់លំនៅឋាន បែបទេសចរណ៏ឆ្នេរព្រែក ស្ថិតនៅតំបន់ពយក្បាលរមាស ឃុំត្រពាំងសង្កែ និងកោះតូចទាំងពីរ នៃដៃព្រែកស្ថិត នៅភូមិកំពង់សំរោងខាងត្បូង ឃុំកំពង់សំរោង និងឃុំជុំគ្រៀល ស្រុក ទឹកឈូ ខេត្តកំពត ឥឡូវត្រូវបានក្រសួងមហាផ្ទៃចេញសេចក្ដីជូនដំណឹង អោយផ្អាកសកម្មភាពទាំងស្រុងហើយ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃដែលទើប ចេញកាលពីថ្ងៃម្សិលមិញ ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃលេខ១៩៥៣ ស.ជ.ណ ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ចុះហត្ថលេខាដោយលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជំរាបទៅអគ្គនាយកក្រុមហ៊ុន ថាហ្គីត អ៊ីស្ទេត អេនអ៊ែសិត មេនិចម៉ិន ស្ដីពីករណីស្នើសុំគោលការណ៏អនុញ្ញាតដើម្បីធ្វើការអភិវឌ្ឍន៏លំនៅឋានបែបទេសចរណ៏ឆ្នេរព្រែកនៅតំបន់ ពយក្បាលរមាស ឃុំត្រពាំងសង្កែ និងកោះតូចទាំងពីរ នៃដងព្រែក ស្ថិតនៅឃុំភូមិកំពង់សំរោងខាងត្បូង ឃុំកំពង់សំរោង និងឃុំជុំក្រៀល ស្រុកទឹកឈូរ ខេត្តកំពត និងបន្ទាប់ពីក្រសួង មហាផ្ទៃបានទទួលនូវរបាយការណ៏ពីរដ្ឋបាលខេត្តកំពតពាក់ព័ន្ធគម្រោងនេះរួចមក ក្រសួងមហាផ្ទៃស្នើអោយអគ្គនាយកក្រុមហ៊ុនធ្វើការផ្អាកសកម្មភាពទាំងឡាយពាក់ព័ន្ធគម្រោង អភិវឌ្ឍខាងលើ ដើម្បីអោយរដ្ឋបាលខេត្តពិនិត្យ និងសម្របសម្រួលដោះស្រាយករណីទំនាស់ផ្សេងៗជាមុនសិន និងរង់ចាំមានការសម្រេចជាថ្មី។

សូមបញ្ជាក់ថា ពាក់ព័ន្ធករណីនេះ យោងតាមឯកសារដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន បានអោយដឹងថា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុន ថាហ្គីត អ៊ីស្ទេត អេន អ៊ែសិត មេនិចម៉ិន បានធ្វើសំណើទៅក្រសួងមហាផ្ទៃ សុំគោលការណ៏អភិវឌ្ឍលំនៅឋានបែបទេសចរណ៏ឆ្នេរព្រែក ស្ថិតនៅតំបន់ពយក្បាលរមាស ឃុំត្រពាំងសង្កែ និងកោះតូច ទាំងពីរ នៃដៃព្រែកស្ថិត នៅភូមិកំពង់សំរោងខាងត្បូង ឃុំកំពង់សំរោង និងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃបានចេញសេចក្ដីជូនដំណឹងទៅអភិបាលខេត្តកំពត ពាក់ព័ន្ធការសុំគោលការណ៏អភិវឌ្ឍរបស់ក្រុមហ៊ុនខាងលើ ដោយអោយរដ្ឋបាល ខេត្តធ្វើការសិក្សា និងវាយតម្លៃអំពីផលប៉ះពាល់បរិស្ថាន និងសង្គមអោយបានច្បាស់ លាស់ ការប្រមូលធាតុចូលបន្ថែម ការរកដំណោះស្រាយលើបញ្ហាប្រឈម និងបាតុភាពនានា ដែលអាចកើតមានឡើងពាក់ព័ន្ធនឹងសំណើសុំអភិវឌ្ឍន៍របស់ក្រុមហ៊ុនដើម្បីធ្វើរបាយការណ៏លំអិតពីលទ្ធផលបញ្ជូនមកមកក្រសួងមហាផ្ទៃវិញ។

ក្រោយចុះសិក្សាស្រាវជ្រាវ រដ្ឋបាល ខេត្តកំពតនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ បានធ្វើលិខិតជំរាបជូនទៅក្រសួងមហាផ្ទៃវិញ ដោយ អះអាងថា ដីខាងលើកំពុងស្ថិតនៅក្នុងទំនាស់ ព្រោះកាលពីឆ្នាំ២០០៨ ឈ្មោះកែវ ជា បានទិញដីនៅតំបន់នោះរួចហើយពុះឡូត៏លក់ទៅអោយអតិថិជនចំនួន១៣នាក់រួមទាំងលក់ទៅ អោយមន្ត្រីរាជការ និងថ្នាក់ដឹកនាំមួយចំនួនផង។

ប៉ុន្តែការលក់នេះឈ្មោះ កែវ ជា ពុំបានធ្វើប័ណ្ណកម្មសិទ្ធិ ជូនតាមឈ្មោះបុគ្គលម្នាក់ៗនោះទេ (ប្លង់រួម) តែក្រោយមក ឈ្មោះ កែវ ជា បានយកដីដែលមានបណ្ណកម្មសិទ្ធិនោះទៅលក់អោយឧកញ៉ា ជា សុខហេង ផ្ដាច់តែម្ដងទៅ។ ក្រោយមកប្រជាពលរដ្ឋមួយចំនួន ដែលបានទិញដីពីឈ្មោះ កែវ ជា បានលក់ដីនោះទៅអោយក្រុមហ៊ុន ថាហ្គីត អ៊ីស្ទេត អេន អ៊ែសិត មេនិចម៉ិន ហើយបច្ចុប្បន្នដីនោះពាក់ព័ន្ធនឹងដីការក្សាការពាររបស់សាលាដំបូងខេត្ត។

ដូច្នេះក្នុងដំណាក់កាលកំពុងមានវិវាទនេះ អាជ្ញាធរខេត្តស្នើសុំគោលការណ៍ ដើម្បីផ្អាកសកម្មភាពទាំងឡាយ រង់ចាំ ការសម្របសម្រួលដោះស្រាយជាមុនសិន តែបច្ចុប្បន្នភាគីក្រុមហ៊ុននៅតែធ្វើសកម្មភាព ប្រើរថយន្តដឹកខ្សាច់ ដែក ស៊ីម៉ង់ត៏ចូលសាងសង់របង និងសំណង់ផ្សេងៗ នៅលើដី ទំនាស់ខាងលើដដែល ទើបនាំអោយឧកញ៉ា ជា សុខហេង យកកុងតឺន័រទៅដាក់បាំងផ្លូវកុំអោយក្រុមហ៊ុននេះ ធ្វើសកម្មភាពល្មើសច្បាប់បានតទៅទៀត។

យោងតាមឯកសារមួយច្បាប់បានអោយដឹងថាឈ្មោះ ម៉ុង ច័ន្ធណរិទ្ធ ដែលគេដឹងថា ជាអគ្គនាយកក្រុមហ៊ុន ថាហ្គីត អ៊ីស្ទេត អេនអ៊ែសិត មេនិចម៉ិន និងឈ្មោះ សុផល ផលិកា ពិតជាបានទិញដីពីបុគ្គលម្នាក់ដែលគាត់អះអាងថា បានទិញដីពីឈ្មោះកែវ ជា តែការទិញនេះ គឺមិនមែនទិញ លក់ដីស្របច្បាប់១០០%ឡើយ គឺទិញដីកំពុងមានទំនាស់ ដើម្បីយក ទៅរត់ការក្ដីបន្តតែប៉ុណ្ណោះ។

មន្ត្រីមួយរូបនៅខេត្តកំពតបានបង្ហើបប្រាប់អោយដឹងថា តាមផ្លូវច្បាប់ ក្រុមហ៊ុន ថាហ្គីត អ៊ីស្ទេត អេន អ៊ែសិត មេនិចម៉ិន គ្មានសិទ្ធិចូលទៅគ្រប់គ្រង និងធ្វើសកម្មភាពនៅលើទីតាំង ដីដែលកំពុងមានទំនាស់នោះឡើយ សូម្បីតែច្បាប់អនុញ្ញាតអោយក្រុមហ៊ុននេះ ធ្វើការអភិវឌ្ឍនៅលើទីតាំងដីខាងលើ ក៏មិនមានដែរ តែក្រុមហ៊ុននេះមិនដឹងអាងអីបានជាហ៊ានបំពាន ច្បាប់យ៉ាងដូច្នេះទៅវិញ តែឥឡូវត្រូវក្រសួងមហាផ្ទៃចេញលិខិតបញ្ជាអោយផ្អាកសកម្មភាពហើយ គេរង់ចាំមើលថាតើក្រុមហ៊ុននេះ គោរពតាមលិខិតរបស់ក្រសួងមហាផ្ទៃឬយ៉ាងណា?៕