(សៀមរាប)៖ លោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុង និងខេត្តសៀមរាប បាននាំយករបស់សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តសៀមរាប ចែកជូនប្រជាពលរដ្ឋខ្វះខាតស្បៀងចំនួន ៣០០គ្រួសារ ដែលជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប។

ក្នុងកិច្ចស្វាគមន៍របស់លោក ក្តោប រ៉ន ប្រធានគណៈកម្មាធិការ នៃគណបក្សសង្កាត់ជ្រាវ ក៏បានបញ្ជាក់អំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ និងជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងលើកការងារ ចាត់តាំងកសាងសមាជិកបក្ស និងការគ្រប់គ្រងសមាជិកផងដែរ។ ក្នុងនោះដែរលោកក៏បានលើកនូវសំណូមពរមួយចំនួន ជូនដល់ក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុងក្នុងការជួយជំរុញលើការងារ ឆ្វៀលដីប្រជាពលរដ្ឋ ចេញពីតំបន់បុរាណដ្ឋាន ព្រមទាំងការបង់ពន្ធ លើអចលនទ្រព្យដីធ្លីផងដែរ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង ក៏បាននាំនូវការផ្តាំផ្ញើរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស និងសម្តេចពិជ័យសនា ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប ដែលតែងយកចិត្តទុកដាក់ពីទុក្ខលំបាក និងជីវភាពរស់នៅរបស់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា នៅគ្រប់មូលដ្ឋាន ដែលកំពុងប្រឈមទៅនឹងការខ្វះខាតស្បៀងអាហារមួយចំនួន ព្រមទាំងបញ្ហាគ្រោះរាំងស្ងួត ដែលធ្វើឲ្យប៉ះពាល់ដល់ការខូចខាតផលដំណាំស្រូវ មួយចំនួនផងដែរ។

លោក ឃឹម ប៊ុនសុង ក៏បានថ្លែងនូវអំណរគុណដល់ម្ចាស់ឆ្នោតទាំងអស់ ដែលបានបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា ឲ្យបន្តការដឹកនាំ និងការអភិវឌ្ឍន៍ប្រទេសក្នុងអាណត្តិទី៦ នៃរដ្ឋសភា។ ក្នុងនោះលោក ឃឹម ប៊ុនសុង ក៏បានវាយតម្លៃខ្ពស់ទៅលើលទ្ធផល និងសមទ្ធិផល ដែលគណបក្សប្រជាជនសង្កាត់ជ្រាវ អនុវត្តបានក្នុងពេលកន្លងមកលើកិច្ចអភិវឌ្ឍន៍ភូមិ សង្កាត់ ព្រមទាំងបានធ្វើការកោតសរសើរ ពីការខិតខំប្រឹងប្រែងរបស់ សមាជិក សមាជិកា បក្សសង្កាត់ជ្រាវគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ក្នុងការរួមចំណែកលើការអភិវឌ្ឍន៍ ឃុំ សង្កាត់ឲ្យមានការរីកចម្រើន លើកគ្រប់វិស័យក្រោមដំបូលសន្តិភាពតែមួយ។

លោក ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា ដោយកត្តាសន្តិភាពនេះហើយ ដែលធ្វើឲ្យសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជនយើងកាន់ តែមានភាពល្អប្រសើរឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ មានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។ ភាពរីកចម្រើនទាំងនេះ គឺផ្តើមពីគោលមាគ៌ានយោបាយ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ពេញផ្ទៃប្រទេស ក្រោមគោលនយោបាយឈ្នះឈ្នះ ដូច្នេះយើងគ្រប់រូបត្រូវតែរក្សានូវសន្តិភាពឲ្យបានគង់វង្ស ដើមី្បភាពរស់នៅសុខសាន្តរបស់យើងគ្រប់រូប។

ម៉្យាងទៀតកត្តាសាមគ្គីល្អ នៅក្នុងភូមិ ឃុំ សង្កាត់ គឺធ្វើឲ្យយើងធានាបាននូវសន្តិសុខ សុវត្ថិភាព និងភាពសុខសាន្តជូនប្រជាជន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។ លោកបណ្ឌិត ក៏បានធ្វើការណែនាំដល់អាជ្ញាធរសង្កាត់ ភូមិ ក៏ដូចប្រជាជនទោះបីពេលនេះ កំពុងជួបគ្រោះរាំងស្ងួត គឺសូមឲ្យបងប្អូនធ្វើការ ដាំដុះដំណាំរួមផ្សំ ដើមី្បធ្វើការផ្គត់ផ្គង់ជីវភាពក្នុងក្រុមគ្រួសារ ព្រមទាំងធ្វើការផ្តត់ផ្គង់ទៅតាមទីផ្សារ សណ្ឋាគារ និងភោជនីយដ្ឋាន ដោយខេត្តសៀមរាប ជាខេត្តគោលដៅនៃភ្ញៀវទេសចរ នៅលើពិភពលោក ចូលមកទស្សនាកម្សាន្ត ព្រមទាំងបានលើកកម្ពស់ នូវជីវភាពគ្រួសារបងប្អូនទៀតផង។

បន្ថែមពីនេះ លោក ឃឹម ប៊ុនសុង ក៏បានសំណូមពរដល់អាជ្ញាធរក្រុង សុំជួយពិនិត្យ និងស្រាវជ្រាវឡើងវិញ ចំពោះការធ្វើប័ណ្ណសម្គាល់អចលនទ្រព្យ ដែលបានធ្វើការឆ្វៀលចេញពីតំបន់បុរាណដ្ឋាន ជូនប្រជាជន និងការបង់ពន្ធដីធ្លីផងដែរ។ បន្តមក លោក និងប្រតិភូបានប្រគល់អំណោយដល់គ្រួសារ សមាជិក សមាជិកា បក្សទាំង៣០០គ្រួសារ ដោយមួយគ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម និងថវិកា២ម៉ឺនរៀល៕